លោកជំទាវ យក់ សម្បត្ដិ អំពាវនាវដៃគូអភិវឌ្ឍន៍ និងអង្គការនានា បន្តជួយគាំទ្រសកម្មភាពកំចាត់រោគរបេង ដើម្បីកម្ពុជាឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០


លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដៃគូអភិវឌ្ឍន៍ និងអង្គការម្ចាស់ជំនួយទាំងអស់ បន្តជួយគាំទ្រដល់សកម្មភាពកំចាត់រោគរបេងនៅកម្ពុជា ដែលជាកត្តាមួយជួយដល់កម្ពុជាក្នុងការឈានទៅរកការលុបបំបាត់ជំងឺរបេងឆ្នាំ២០៣០ ស្របតាមគោលដៅកម្រិតតំបន់ និងពិភពលោក។

ការអំពានាវខាងលើ​ ធ្វើឡើងនៅក្នុងឱកាសដែលលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់ និងទទួលជំនួយ ម៉ាស៊ីនថតសួតឌីជីថលទំនើបមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួន៣គ្រឿង ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជូនមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក Benjamin Chung តំណាងសហរដ្ឋអាមេរិក, លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, តំណាងអង្គការ Khana និងមន្ដ្រីសុខាភិបាលជាច្រើនរូបទៀត។

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្តថា «កម្ពុជាបានចាកចេញពីបញ្ជីអង្គការសុខភាពពិភពលោក ជាប្រទេសមួយក្នុងចំណោមប្រទេស៣០លើសកលលោក ដែលមានផ្ទុកជំងឺរបេងធ្ងន់ធ្ងរ (២០២១-២០២៥)។
ជោគជ័យនេះអាចសម្រេចទៅបាន ដោយមានការចូលរួមពីសហភាតរសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការនានា ជាពិសេសសហរដ្ឋអាមេរិក ដែលនៅពេលនេះបានផ្តល់ជំនួយម៉ាស៊ីនថតសួតឌីជីថលទំនើបមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួន៣គ្រឿង ជូនមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលនឹងបន្តចូលរួមចំណែកបន្ថែមទៀត ដើម្បីជួយដល់កម្ពុជាក្នុងការឈានទៅរកការលុបបំបាត់ជំងឺរបេងឆ្នាំ២០៣០ ស្របតាមគោលដៅកម្រិតតំបន់ និងពិភពលោក»។

នាឱកាសនោះលោកជំទាវ យក់ សម្បត្តិ ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងអង្គការនានា ជាពិសេសសហរដ្ឋអាមេរិក ដែលតែងតែជួយគាំទ្រកម្ពុជារហូតមកក្នុងការលុបបំបាត់ជំងឺរបេង ជាពិសេសរបេងសុំាថ្នាំ។ ទន្ទឹមនឹងនេះលោកជំទាវបានស្នើឲ្យមានការខិតខំបណ្តុះបណ្តាល ប្រើប្រាស់ ថែទាំម៉ាស៊ីនដែលជាជំនួយរបស់សហរដ្ឋអាមេរិកខាងលើ ឲ្យយល់ច្បាស់ ត្រឹមត្រូវ ដោយមានការទទួលខុសត្រូវខ្ពស់ ដែលជាកត្តាមួយរួមចំណែកក្នុងការលុបបំបាត់ជំងឺរបេងទូទាំងប្រទេស ក្នុងតំបន់ និងសកលលោក ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕