លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកកម្មវិធីពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៥ រៀបចំដោយសមាគមអតីតនិស្សិតអាហារូបករណ៍ហ្វ៊ុលប្រាយ និងអាហារូបករណ៍សហរដ្ឋអារិក ហៅកាត់ថា FUSAAC និងមានការគាំទ្រពីស្ថានទូតអាមេរិកនៅកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបចេ្ចកវិទ្យាកម្ពុជា។
សម្រាប់ពិព័រណ៍ជំនាញសិក្សា និងការងារនេះ គឺជាកម្មវិធីធំជាងគេប្រចាំឆ្នាំរបស់សមាគម ក្នុងគោលបំណងជួយតម្រង់ទិសដល់សិស្សានុសិស្ស យុវជន យុវនារីរាប់ពាន់នាក់លើការជ្រើសរើសជំនាញសិក្សា និងការងារស្របតាមតម្រូវការទីផ្សារនិងការអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា។
ចំពោះពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥នេះ គឺធ្វើឡើងក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់ឧស្សាហកម្ម ៥.០ ដែលឆ្លើយតបទៅនឹងលទ្ធផលស្រាវជ្រាវ និងទិសដៅនៃការអភិវឌ្ឍជំនាញ និងការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការតាំងពិព័រណ៍នាថ្ងៃនេះ គឺមានចំនួន ៤០ស្ដង់ ថ្នាក់តម្រង់ទិសជំនាញសិក្សាចំនួន ៦០ថ្នាក់ កិច្ចពិភាក្សាតុមូលចំនួន៣ វាគ្មិនជំនាញធ្វើបទបង្ហាញជាង ៥០រូប ។នេះគឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្ស ដើម្បីសិក្សាស្វែងយល់ឱ្យបានច្រើនអំពីជំនាញសិក្សា ឱកាសអាហារូបករណ៍ និងឱកាសការងារយ៉ាងច្រើនសំបូរបែប។
សូមជម្រាបថាពិព័រណ៍ខាងលើនេះ មានការអញ្ជើញចូលរួមពីយុវជន សិស្សានុសិស្ស និងអ្នកចូលរួមសរុបប្រមាណ ២២០០នាក់៕