ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសកម្លាំងពលកម្មក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក្នុងកម្មវិធី «វេទិកាការងារ» ដែលប្រារព្ធធ្វើឡើងនៅបរិវេណ វិទ្យាល័យព្រះអង្គឌួង ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា វេទិកាការងារនេះធ្វើឡើងក្នុងគោលបំណង ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រា អ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ផ្សព្វផ្សាយព័ត៌មានឱកាសការងារ ពីសំណាក់សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលករ និងផ្ដល់ឱកាសដល់ពលករដែលកំពុងស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
បន្ថែមលើសពីនេះបានផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងធ្វើការចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។
ឯកឧត្តម សួន សុម៉ាលីន បានគូសបញ្ជាក់ថា ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ដោយការងារនៅក្នុងស្រុកផ្ដល់ប្រាក់បៀវត្សសមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធននិវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាព ដល់កម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា។ ហើយមួយទៀតនោះ គឺប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងប្រទេស ក៏ទទួលបាននូវឱកាសយ៉ាងច្រើនដោយមិនប្រឈមនឹងហានិភ័យផ្សេងៗដូចដែលយើងទៅធ្វើការនៅឯក្រៅប្រទេសនោះទេ។
ឯកឧត្តមបានបន្តថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល បាននឹងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដោយគិតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីធានាដល់ការរស់នៅជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពធូរធារ។
លោក ណុប សាវ៉ាត ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រៃវែង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាពលករវិលមកពីប្រទេសថៃវិញ ចំនួន ២១,៣៥៨នាក់ ស្រី៩,២៧៧នាក់។ បើតាមការស្រង់ស្ថិតិរបស់ក្រុមការងារពីបណ្ដាភូមិ ឃុំ ស្រុក បានបង្ហាញថាមានពលករ និងប្រជាពលរដ្ឋមិនទាន់មានការងារធ្វើមានចំនួន ៩,៧៣៣នាក់ ស្រី ៣,៨០៦នាក់ និងអ្នកមានការងារធ្វើចំនួន ១២,៦២៥នាក់ ស្រី៥,៤៧១នាក់។
សូមបញ្ជាក់ផងដែរថា វេទិកាការងារនេះ គឺរដ្ឋបាលខេត្ត និងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងរៀបចំធ្វើ ទាំង១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើឱ្យគាត់មានការងារធ្វើបានគ្រប់ៗគ្នា៕