ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្លែងសុន្ទរកថាគន្លឹះក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជានិងពិព័រណ៍អនឡាញលើកទី២»


នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជានិងពិព័រណ៍អនឡាញលើកទី២ លើប្រធានបទ «ការកសាងកម្ពុជាឌីជីថលដ៏ឆ្លាតវៃនិងសុវត្ថិភាព៖ យុវជន ការច្នៃប្រឌិត និងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅសាលស៊ីធីហលកោះពេជ្រ រាជធានីភ្នំពេញ ។

វេទិកានេះមានការអញ្ជើញចូលរួមពីលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងកម្មវិធីភិវឌ្ឍន៍នៃសហប្រជាជាតិ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រុមហ៊ុន Zen.com ថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ វិស័យអប់រំ និងវិស័យឯកជន ប្រមាណ ៣០០រូប។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីឱ្យពាណិជ្ជកម្មឌីជីថលរីកចម្រើន យើងត្រូវការធាតុផ្សំដ៏សំខាន់មួយដែលមិនអាចខ្វះបាន នោះគឺ «ទំនុកចិត្ត»។ បើគ្មានទំនុកចិត្ត ទាំងអ្នកទិញនិងអ្នកលក់នឹងមិនហ៊ានធ្វើប្រតិបត្តិការឌីជីថលនោះទេ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាពខ្ពស់និងគួរឱ្យទុកចិត្តបាន តាមរយៈការរៀបចំសេចក្តីព្រាងច្បាប់ និងគោលនយោបាយសំខាន់ៗ ដែលនឹងក្លាយជាខែលការពារសម្រាប់ពាណិជ្ជករ អ្នកប្រើប្រាស់ និងវិស័យសាធារណៈទាំងមូល។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលជាច្រើន ជាពិសេស ថ្នាល verify.gov.kh ដែលជាថ្នាលមានសក្ដានុពលយ៉ាងធំធេងក្នុងការជួយសម្រួលការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរបៀប ស្នើសុំអនឡាញ ទទួលបានអនឡាញ ប្រើប្រាស់បានអនឡាញ ប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ដោយសារបច្ចេកវិទ្យាប្លុកឆេន សម្រាប់បង្កើនទំនុកចិត្តឌីជីថល និងមូលដ្ឋានសម្រាប់ពាណិជ្ជកម្មឌីជីថលដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលដ្ឋានគ្រឹះឌីជីថលដ៏ឆ្លាតវៃ ដើរតួយ៉ាងសំខាន់ដើម្បីសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក។ មូលដ្ឋានគ្រឹះនេះជាចំណុចចាប់ផ្តើមសម្រាប់ជំរុញគ្រប់វិស័យទាំងអស់ឱ្យរីកចម្រើននិងចាប់យកកាលានុវត្តភាពពីការធ្វើបរិវត្តកម្មឌីជីថល ហើយ ក.ប.ទ. បាននិងកំពុងអនុវត្តការងារយ៉ាងសកម្មដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ក្នុងនោះរួមមាន ការបង្កើនគុណភាពសេវាទូរគមនាគមន៍ និង ការពង្រីកបណ្តាញតភ្ជាប់។

បន្ថែមលើនេះ កន្លងមក ក.ប.ទ. ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាច្រើនដើម្បីគាំទ្រយុវជនកម្ពុជា រួមមាន ការជំរុញការវិនិយោគលើ STEM និងការអប់រំបញ្ញាសប្បនិម្មិត (AI) ការលើកទឹកចិធុរកិច្ចថ្មីឌីជីថល និងការបង្កើតកម្មវិធីភ្ញាស់ធុរកិច្ច (Incubation) សំដៅជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថល ក្នុងគោលដៅបង្កើតឡើងនៅប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីនៅក្នុងវិស័យអប់រំ កសិកម្ម សុខាភិបាល និងពាណិជ្ជកម្មអេឡិចត្រូនិក លើកទឹកចិត្តឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល វិស័យអប់រំវិទ្យាសាស្ត្រ និងវិស័យឯកជន ដើម្បីបង្កើតបាននូវនវានុវត្តន៍ថ្មីៗ៕