សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាពឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមាចំពោះឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សម្តេចមហាបវរធិបតី សូមចូលរួមរំលែកទុក្ខជាមួយភរិយា ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ សម្តេចប្រមុខរាជរដ្ឋាភិបាល ចាត់ទុក្ខមរណភាពរបស់ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតាប្រកបដោយ សង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនចៅជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត គ្រប់កាលៈទេសៈ ។ ជាពិសេសលោកឧត្តមសេនីយ៍ បានអនុវត្តភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនានាប្រកបដោយការយកចិត្តទុកដាក់ជាទីបំផុត។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

សពរបស់លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នឹងត្រូវតម្កល់រៀបចំពិធីបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនានៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ៕