សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានផ្ញើសារចូលរួមរំលែកនូវទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការ ចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាថ្នាក់ដឹកនាំមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្ម និងចូលរួមធ្វើសកម្មភាពជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ។ ការទទួល មរណភាពរបស់លោកឧត្តមសេនីយ៍ គឺជាការបាត់បង់ធនធានមនុស្ស និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណជាច្រើនក្នុងបុព្វហេតុជាតិ។
មរណភាពរបស់លោកឧត្តមសេនីយ៍ ក៏ជាការបាត់បង់នូវស្វាមី និងឪពុកមួយរូបជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌នៅក្នុងគ្រួសារ។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
សពរបស់លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នឹងត្រូវតម្កល់រៀបចំពិធីបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនានៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ៕