ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្ដ្រី មន្ដ្រីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងនោះមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ មានមន្ត្រីចំនួន៣១នាក់ និងមានកុមារស្នាក់នៅចំនួន ៩០នាក់ និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី២ មានមន្ត្រីចំនួន៩នាក់ និងមានកុមារស្នាក់នៅចំនួន១៨នាក់។
ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរៀងៗខ្លួន និងស្តាប់ឱវាទរបស់លោកគ្រូ អ្នកគ្រូឲ្យបានល្អ ព្រមទាំងសំណូមពរដល់លោកគ្រូ អ្នកគ្រូខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនលើក្មួយៗកុមារកំព្រាទាំងអស់ឲ្យបានល្អប្រសើរ ហើយបង្រៀនដល់ក្មេងៗឲ្យចេះថែរក្សាអនាម័យ ថែរក្សាសុខភាព និងចំណេះជំនាញល្អៗផ្សេងទៀតផងដែរ។
ឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បានរៀបចំអាហារពេលល្ងាច និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនដល់មន្ដ្រី មន្ដ្រីកិច្ចសន្យា និងកុមារកំព្រាក្នុងមណ្ឌលកុមារកំព្រាទី១ និងបុរីទី២ផងដែរ៕