អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបេសកកម្មវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

នាឱកាសនោះឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណជូនចំពោះអង្គការស្នាមញញឹមកុមារកម្ពុជា ដែលបានចុះមកកាន់ខេត្តបាត់ដំបង ដើម្បីធ្វើការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ និងបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្ដល់ការយកចិត្តទុកខ្លាំងណាស់ចំពោះវិស័យសុខាភិបាល។

ឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមថា វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមា នការរីកចម្រើនជឿនលឿនជាងកាលពីអតីតកាល មានអ្នកឯកទេសជំនាញជាច្រើននាក់ និងបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងបានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈដើម្បីបង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ។

បើតាមលោកសាស្រ្តាចារ្យ នូ សារុំ តំណាងអង្គការស្នាមញញឹមកម្ពុជា បានឱ្យដឹងថា រហូតមកដល់ពេលនេះ អង្គការស្នាមញញឹមកម្ពុជា បានធ្វើការវះកាត់ដោយជោគជ័យជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ ចំនួនជាង៦,០០០នាក់។

សូមជម្រាបថា អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានរៀបចំបេសកកម្មវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ នៅមន្ទីរពេទ្យខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយកជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ ដើម្បីផ្តល់នូវការវះកាត់ សេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ៕