ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈប្រតិភូសិក្ខាកាមនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក ចាង ហ្វឹង (Zhang Feng) លេខាធិការគណៈកម្មាធិការបក្ស នៃវិទ្យាស្ថានជាតិគណនេយ្យ និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច ទីក្រុងសៀងហៃ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាសហអធិបតី ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ៖ បទពិសោធប្រទេសចិន» ជូនស្ត្រីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ និងគ្រូឧទ្ទេសចំនួន ៣០ រូបមកពីព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានជាតិគណនេយ្យ និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI & AFDI) នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី សិក្ខាកាមស្រ្តីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ ឧទ្ទេសាចារ្យ និង វាគ្មិន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ទាំងពីរភាគី (កម្ពុជា និងចិន)។
ថ្លែងនៅក្នុងពីធីនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះ វិទ្យាស្ថានជាតិគណនេយ្យ និង វិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI & AFDI) ដែលបានសហការជិតស្និទ្ធជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលនៅពេលនេះ, ក៏ដូចជាសិក្ខាសាលាបណ្ដុះបណ្តាល និង ទស្សនកិច្ចសិក្សានានា នាពេលកន្លងមក ជូនសិក្ខាកាមជា ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ មកពីព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងឈប់បាញ់ និងពន្លឿនការស្ដារឡើងវិញ នូវសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ, ព្រមទាំង បានផ្តល់ជំនួយសប្បុរសធម៌ ដល់ជនភៀសសឹកកម្ពុជា ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារការប្រយុទ្ធគ្នា រវាងកងទ័ពទាំងពីរ នៅបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានចាត់ទុកជា «មិត្តភាពដែកថែប» និង បានវិវឌ្ឍរីកចម្រើនមកជា «ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ» និងក្លាយជាសសរទ្រូងគោលនយោបាយការបរទេស នៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមសម្រាប់អនាគត។ ការណ៍នេះ បានស្តែងឡើងកាន់តែច្បាស់ តាមរយៈប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ថា កម្ពុជា និងចិនមានទំនាក់ទំនងដ៏យូរអង្វែង និងត្រូវបានបង្កើតឡើង និងថែទាំ ដោយថ្នាក់ដឹកនាំជាច្រើនជំនាន់បន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ ។
លោក ចាង ហ្វឹង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការស្អិតរមួតរវាង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង វិទ្យាស្ថាន SNAI & AFDI នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ។
លោក ចាង ហ្វឹង បានគូសរំលេចថា ចាប់តាំងពីឆ្នាំ ២០១១ ដល់ ចុងឆ្នាំ ២០២៤, វិទ្យាស្ថាន SNAI & AFDI បានសហការជិតស្និទ្ធជាមួយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងការរៀបចំ និង អនុវត្តវគ្គសិក្សារយៈពេលខ្លី និង ទស្សនកិច្ចសិក្សា លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (បានចំនួន ៤៥ វគ្គ និង មានសិក្ខាកាមចំនួន ១ ៣៦១ នាក់) ជូនមន្រ្តីរាជការនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
លើសពីនេះទៀត, វិទ្យាស្ថាន បានផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតគណនេយ្យ សម្រាប់មន្រ្តីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុវ័យក្មេង នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៣៧ រូប មកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា និង ក្រសួងស្ថាប័នពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា សិក្ខាសាលាបណ្ដុះបណ្ដាលនៅពេលនេះ គឺជាវគ្គសិក្សាពិសេស ដែលផ្តោតសំខាន់លើ «ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ» សម្រាប់សិក្ខាកាមគោលដៅជាស្ត្រីថ្នាក់ដឹកនាំ របស់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា បន្តពីវគ្គសិក្សាក្នុងឆ្នាំ ២០២៤ កន្លងទៅ, សំដៅពង្រឹកចំណេះដឹង និង ការយល់ដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ដោយអនុវត្តតាមឧត្តមានុវត្តន៍អន្តរជាតិ, ជាពិសេស បទពិសោធប្រទេសចិន សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
ក្នុងន័យនេះ, សិក្ខាសាលាបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្តល់ឱកាសជូនសិក្ខាកាម សិក្សា និង ស្វែងយល់ ដើម្បីបង្កើនចំណេះដឹង និង ការយល់ដឹងបន្ថែម តាមរយៈបទឧទ្ទេស និង ការចែករំលែកនូវមេរៀន និង បទពិសោធល្អៗ ពីសាស្រ្តាចារ្យ និង វាគ្មិនរបស់វិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ី-ប៉ាស៊ីភិចប្រទេសចិន សំដៅចូលរួមគាំទ្រ និង អនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ចីរភាព និង បរិយាបន្ន៕