ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការបណ្តុះបណ្តាលស្មារតី មនសិកាវិជ្ជាជីវៈរបស់មន្ត្រីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ និងការទទួលខុសត្រូវ ប្រៀបាននឹងដួងព្រលឹង ដើម្បីធ្វើឱ្យដំណើរការរបស់ក្រសួង ស្ថាប័ន កាន់តែមានភាពរស់រវើក បំពេញការងារបានយ៉ាងលឿន ឆាប់រហ័ស ឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេសការវិវត្តថ្មីៗរបស់សង្គ។
ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលារៀបចំផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ការបណ្តុះបណ្តាលស្មារតី មនសិកាវិជ្ជាជីវៈ គឺសំខាន់ខ្លាំងណាស់ ធនធានមនុស្សរបស់យើង គឺប្រៀបបានទៅនឹងសាច់ ឈាម និងស្បែក ប៉ុន្តែ បើសិនយើងមានតែគ្រោងឆ្អឹង សាច់ ឈាម និងស្បែក តែអត់មានមនសិកា និងការទទួលខុសត្រូវ គឺរាងការល្អ ប៉ុន្តែ អត់មានការទទួលខុសត្រូវ និងអត់មានដួងព្រលឹង។ អ៊ឹចឹងការបំពាក់នូវដួងព្រលឹង និងវិជ្ជាជីវៈរបស់យើងទៅកាន់មន្ត្រីទាំងអស់នឹងធ្វើឱ្យដំណើរការរបស់ក្រសួង ស្ថាប័ន កាន់តែមានភាពរស់រវើក ដើម្បីបំពេញតួនាទី»។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា មូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព ធ្វើកិច្ចការងារ មានទេពកោលស្យ ស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ និងគោរពលើការងាររបស់ខ្លួន នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់មុំទី១ នៅក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺនិយាយអំពីមូលធនមនុស្ស។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានក្រើនរម្លឹកមន្ត្រីសូមឱ្យបំពេញការងាររបស់ដោយការយកចិត្តទុកដាក់ខ្ពស់ និងកុំយកឧបសគ្គដាក់នៅចំពោះមុខឱ្យសោះ។ ប្រសិនបើនៅពេលចេញដំណើរបែរជាយកឧបសគ្គមកដាក់នៅចំពោះមុខច្បាស់ណាស់ ការបំពេញតួនាទីភារកិច្ចនឹងមិនទទួលបានជោគជ័យនោះទេ។ ងាយមកវិញក្នុងនាមជាមន្ត្រីរាជការ ត្រូវធ្វើយ៉ាងណាកំណត់គោលដៅ ហើយចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្ត្រ និងរៀបចំផែនការសកម្មភាពអនុវត្តន៍ដើម្បីអាចបំពេញភារកិច្ចបានជោគជ័យ ដោយឈរលើមូលដ្ឋានការពិត។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវផ្នែកការងារទំនាក់ទំនងសាធារណមតិ ឱ្យរាជរដ្ឋាភិបាល គឺបានផ្តោតទៅលើការរៀបចំផែនការបណ្តុះបណ្តាល ហើយនៅក្នុងឆ្នាំ២០២៥ តាមផែនការគឺមានជាង ៨០វគ្គណ្តុះបណ្តាល ដោយផ្តោតសមខាន់លើការពង្រឹងសមត្ថភាពដល់មន្ត្រី។ ពីព្រោះថាវិស័យសារព័ត៌មាន គឺមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ ដូច្នេះ ប្រសិនបើកម្រិតមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន និងសោតទស្សន៍ មិនគុណភាពក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនោះនឹងនាំផលលំបាកនៃការគ្រប់គ្រងសាធារណមតិ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ការរៀបចំអង្គសិក្ខាសាលានេះឡើង គឺដើម្បីពង្រឹងប្រសិទ្ធិភាពការងាររបស់ស្ថាប័ននៃក្រសួងព័ត៌មាន ជាពិេសសគឺការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវផែនការ សកម្មភាពដែលបានដាក់ចេញស្របតាមជំនាញឆ្លើយតបនឹងទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។
គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្លាប់មានប្រសាសន៍ថា «កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាព ជំនាញ ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាព ចូលរួមកសាងមូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។ ដូច្នេះ មិនមែនជាការចៃដន្យឡើយ ដែលយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យកអាទិភាព គន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអាទិភាពខ្ពស់បំផុត»៕
គូររម្លឹកថា កាលពីកំឡុងខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានអនុម័តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និង សោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ដែលជាឯកសារយុទ្ធសាស្ត្រក្នុងការកំណត់នូវភារកិច្ចចម្បងស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ បានផ្តោតជាសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន ការរៀបចំច្បាប់និងបទដ្ឋានបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងលំហព័ត៌មាន និងភាពជាដៃ គូបរិយាប័ន្ន៕