អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្ដែត


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាមកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ចំនួន៣១គ្រួសារ ក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលកន្លងទៅ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, មី១កេស, ប្រេងឆា១លីត្រ, នំ១ប្រអប់, ទឹកត្រី៣ដប, ទឹកស៉ីអ៉ីវ៣ដប, កន្ទេល១, មុង១, ភួយ១, សារុង១, ក្រម៉ា១ ថវិកា២ម៉ឺនរៀល និងគ្រួសារដែលរលំផ្ទះទាំងស្រុង៦គ្រួសារថែមតង់ធំ១ និងថវិកា២០ម៉ឺនរៀល៕