ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារ


ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤»របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

ទន្ទឹមនឹងវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់រួមមាន៖ ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីអធិការកិច្ច, បទបញ្ជាផ្ទៃក្នុងគណៈប្រតិភូអធិការកិច្ច, ការណែនាំនៃការធ្វើអធិការកិច្ច, គោលការណ៍ណែនាំគណៈប្រតិភូ និងការពង្រឹងការងារដោះស្រាយបណ្តឹងរបស់ក្រសួង ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ត្រូវបន្ដខិតខំជំរុញរៀបចំឯកសារនិងលិខិតបទដ្ឋានគតិយុត្តទាំងនេះឱ្យមានភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយប្រព័ន្ធការងារដែលផ្ដល់ភាពងាយស្រួលដល់ការតាមដាន វាយតម្លៃ និងរៀបចំរបាយការណ៍ដែលមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យមានការចូលរួមប្រកបដោយភាពសកម្ម និងបុរេសកម្មពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការជំរុញការងារសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលជាបន្ដបន្ទាប់បន្ថែមទៀត។