ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកស្រី CHOI Moon Jung នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េ ប្រចាំកម្ពុជា (KOICA) និងលោក អ៉ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ (CAMKAA) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស និងសាលារៀន អនុវិទ្យាល័យ និងបឋមសិក្សាកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពិធីនេះសហការរៀបចំដោយ CAMKAA & WFK និងឧបត្ថម្ភពី KOICA ដោយបានការចូលរួមពី ឯកឧត្តម ងួន ប៉ោសេង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អ្នកស្ម័គ្រចិត្តកូរ៉េ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកស្រី CHOI Moon Jung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមក្នុងសកម្មភាពសង្គម របស់សមាជិកសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងអ្នកស្ម័គ្រចិត្ត នៃកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ដែលបានបរិច្ចាគកង់ និងសម្ភារៈសិក្សា ព្រមទាំងបានលើកកម្ពស់ចំណេះដឹង និងសុខុមាលភាព។
លោកស្រីបន្តថា ការភ្ជាប់ទំនាក់ទំនងរបស់KOICA ជាមួយខេត្តពោធិ៍សាត់ មិនមែនជារឿងថ្មីទេ ពោលគឺចាប់តាំងពីឆ្នាំ២០០៦ KOICA បានបញ្ជូនអ្នកស្ម័គ្រចិត្តកូរ៉េ ចំនួន២៥នាក់មកខេត្តនេះ ដើម្បីធ្វើការនៅវិស័យសំខាន់ៗដូចជា៖ អប់រំសុខភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈគម្រោងស្ម័គ្រចិត្ត ដែលមានតម្លៃសរុបជាង៩ម៉ឺនដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១២មក អ្នកស្ម័គ្រចិត្តរបស់យើង បានសាងសង់បន្ទប់កុំព្យូទ័រ បង្កើតប័ណ្ណាល័យ និងលើកកម្ពស់សុខភាព ដែលតែងតែធ្វើជាដៃគូជិតស្និទ្ធ ជាមួយសហគមន៍មូលដ្ឋាន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានធ្វើការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែបានគាំទ្រ និងជួយឧបត្ថម្ភទាំងបច្ចេកទេស ហិរញ្ញវត្ថុ សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសកម្ពុជានាពេលកន្លងកន្លងមក ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ដោយឡែកខេត្តពោធិ៍សាត់ សាធារណរដ្ឋកូរ៉េ ក៏បានជួយឧបត្ថម្ភគាំទ្រជាច្រើន ទាំងសម្ភារៈ និងថវិកា ក៏ដូចជាអគារសិក្សា មន្ទីរពេទ្យជាច្រើនកន្លែងផងដែរ។ ជាក់ស្តែងដូចពេលនេះ ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េ ប្រចាំកម្ពុជា (KOICA) បាននាំយកកង់ និងសម្ភារៈសិក្សា មកចែកជូនសិស្សានុសិស្សនៅទីនេះ បញ្ជាក់ឱ្យឃើញពីការរឹតចំណងមិត្តភាពកម្ពុជា-កូរ៉េ ឱ្យកាន់តែជិតស្និទ្ធ និងមិត្តភាពរឹងមាំបន្ថែមទៀត។
ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលសំខាន់ៗជាច្រើន ដែលកម្ពុជាសម្រេចបាននាពេលនេះ គឺបានមកពីកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរ រវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ចំពោះការពង្រឹង ពង្រីកសាមគ្គីភាព និងមិត្តភាព ជាឧត្តមប្រយោជន៍ដល់ប្រជាជន នៃប្រទេសយើងទាំងពីរ។
ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ដែលបន្ថែមការផ្តល់សេវាថែទាំវេជ្ជសាស្ត្រ ជូនដល់ប្រជាពលរដ្ឋយើងនៅថ្ងៃនេះ តាមរយៈក្រុមគ្រូពេទ្យព្យាបាលចល័ត នៃកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ (WFK)។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា ត្រូវបន្តយកចិត្តទុកដាក់រៀបចំការចូលរួមសកម្មភាពសង្គម និងទស្សនកិច្ចសិក្សាផ្សេងៗ ដើម្បីជាជំនួយ ដល់ការសិក្សារបស់សិស្ស សំដៅផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង និងត្រូវយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន អនាម័យ ទាំងក្នុងបរិវេណក្នុងសាលា បន្ទប់សិក្សា និងអនាម័យខ្លួនប្រាណ ដល់ក្មួយសិស្សានុសិស្ស ដោយបណ្តុះទម្លាប់ក្មួយៗឱ្យចេះទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ចៀសវាងឱ្យសិស្សរើសសំរាម៕