ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងថា រយៈពេល ៤០ឆ្នាំមកនេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី បានរួមចំណែកកសាងធនធានមនុស្សសរុបចំនួន ៣១,៨៤១នាក់ ខណៈ៩៨,៨% ទទួលបានការងារធ្វើ។
ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា និស្សិតជ័យលាភីនឹងទទួលសញ្ញាបត្រចំនួន ៥កម្រិតផ្សេងគ្នា គឺថ្នាក់បរិញ្ញាបត្ររងចំនួន ៣១០នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ១,១៤២នាក់, ថ្នាក់បសុវេជ្ជបណ្ឌិតចំនួន ២០នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៣នាក់ និងថ្នាក់បណ្ឌិតចំនួន ២នាក់។ ក្នុងចំណោម និស្សិតជ័យលាភីទាំងអស់ មាននិស្សិតអាហារូបករណ៍សរុបចំនួន ៦២៨នាក់ (នារី ២៥៨នាក់ ស្មើនឹង ៤១%) ដែលរួមបញ្ចូលនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៤០នាក់ (នារី ១៦នាក់ ស្មើនឹង ៤០%)ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា «រយៈពេល៤០ឆ្នាំកន្លងមកនេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី បានរួមចំណែកកសាងធនធានមនុស្សសរុបចំនួន ៣១,៨៤១នាក់ (នារី ៨,៤២២ នាក់ស្មើនឹង ២៤%) ក្នុងនោះសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ១៤,៩៨១នាក់, ដោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន ១១,៦៥១នាក់ និងដោយវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ចំនួន ៥,២០៩នាក់ ជាមួយនឹងអត្រានិស្សិតបញ្ចប់ការសិក្សាជាមធ្យមចំនួនប្រមាណ ៨០០នាក់ក្នុងមួយឆ្នាំ ខណៈដែលគ្រឹះស្ថានទាំងបីកំពុងបន្តបណ្តុះបណ្តាលនិស្សិតចំនួន ៥,៨៦២នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ រួមទាំងនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១៩នាក់ (នារី ៥៦នាក់)ផងដែរ»។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «ការស្ទង់មតិកន្លងមកបានឱ្យដឹងថា និស្សិតដែលបានបញ្ចប់ការសិក្សាប្រមាណ ៩៨,៨%ទទួលបានការងារធ្វើ ក្នុងនោះភាគច្រើនលើសលប់បម្រើការក្នុងវិស័យឯកជន, ៩៨៣នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ (ក្នុងនោះ ៧៦៣នាក់ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ១៤០នាក់ ជាអតីតនិស្សិតវិទ្យាជាតិកសិកម្មព្រែកលៀប និង៨០នាក់ទៀត ជាអតីតនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម) ខណៈដែលមួយចំនួនទៀត បានបង្កើតអាជីវកម្មដោយខ្លួនឯង»។
ឯកឧត្តម បានបន្តថាទន្ទឹមនឹងសមិទ្ធផលដ៏ធំធេងក្នុងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម គ្រឹះស្ថានឧត្តមសិក្សាទាំងបី ក៏បាននិងកំពុងជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងរបស់ខ្លួនយ៉ាងសកម្មផុលផុស និងក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ផងដែរ តាមរយៈការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបន្ថែម គាំទ្រដល់ដំណើរការបណ្តុះបណ្តាលការកែទម្រង់ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាសាកលវិទ្យាល័យបានកែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀន ស្របតាមក្របខណ្ឌការអប់រំផ្អែកលើលទ្ធផល (outcome-based education), អនុវត្តប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង, ធ្វើកំណែទម្រង់ការងារ គ្រប់គ្រងរដ្ឋបាល គណនេយ្យហិរញ្ញវត្ថុ គ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងចូលជាសមាជិក បណ្តាញសាកលវិទ្យាល័យអាស៊ានផងដែរក្នុងឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ បានអនុវត្តគម្រោងស្រាវជ្រាវកសិកម្មចំនួន ៨១គម្រោង, ចុះអនុស្សរណៈយោគយល់ជាមួយសាកល វិទ្យាល័យ អន្តរជាតិជាដៃគូចំនួន ៧៩គ្រឹះស្ថាន និងបញ្ជូននិស្សិតជាង ២,០០០នាក់ ទៅធ្វើកម្មសិក្សារយៈពេលខ្លី និងវែងនៅបរទេសដូចជាអ៊ីស្រាអែល ជប៉ុន កូរ៉េអាស៊ាន និងសហភាព អ៊ឺរ៉ុប។ល។
សាកលវិទ្យាល័យ កំពុងអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សាវគ្គទី២ ឆ្នាំ២០២៥-២០៣០ ដែលមានទឹកប្រាក់ចំនួន ១១លានដុល្លារ ដែលជាគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដោយផ្តោតលើការកែលម្អការបង្រៀន ការស្រាវជ្រាវ ការពង្រឹងស្ថាប័ន និងសម្ភារៈបរិក្ខារហេដ្ឋារចនាសម្ព័ន្ធ។
វិទ្យាស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយគ្រឹះស្ថានអប់រំ និងស្រាវជ្រាវអន្តរជាតិចំនួន ៣០គ្រឹះស្ថាន និងបានបញ្ជូន និស្សិតប្រមាណ ៥០០នាក់ ទៅហាត់ការនៅប្រទេសអ៊ីស្រាអែល ជប៉ុន និងដាណឺម៉ាកផងដែរ។
ទន្ទឹមនេះ វិទ្យាស្ថានបានធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល, គណនេយ្យនិងហិរញ្ញវត្ថុ, ការគ្រប់គ្រង បុគ្គលិក និង អភិវឌ្ឍន៍ ធនធាន មនុស្ស និងកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀន, បានពង្រឹងការអនុវត្តប្រព័ន្ធធានា គុណភាពអប់រំផ្ទៃក្នុង និងបានកសាងផែនការមេអភិវឌ្ឍន៍វិទ្យាសា្ថនសម្រាប់ឆ្នាំ២០១៩-២០៣៤។
ជាថ្មីម្ដងទៀត ឯកឧត្តម ឌិត ទីណា បានថ្លែងថា ចំពោះការងារស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានបានគាំទ្រការអនុវត្តគម្រោងពិសោធន៍ស្រាវជ្រាវរបស់និស្សិតចំនួន ៥៦គម្រោង និងបានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឯកជន កសិដ្ឋាន និងសាកលវិទ្យាល័យដៃគូ សំដៅលើកកម្ពស់ការស្រាវជ្រាវកម្មសិក្សា និងការហាត់ការ ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗសម្រាប់និស្សិត៕