ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «បើគ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍ កម្ពុជា ត្រូវការសន្តិភាពជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន»


សាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើបទបាឋកថាស្តីពី «សក្តានុពលវិស័យទេសចរណ៍កម្ពុជា និងភាពប្រកួតប្រជែងក្នុងតំបន់» ជូនឯកឧត្តម លោក លោកស្រី គណៈគ្រប់គ្រងសាលា និងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងដើម្បីចែករំលែកពុទ្ធិសំខាន់ៗ និងជាការរួមចំណែកក្នុងការបណ្ដុះទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ឱ្យបានយល់ច្បាស់អំពីសក្តានុពល នៃវិស័យទេសចរណ៍កម្ពុជា, ដើម្បីបំផុសទឹកចិត្តឱ្យមានមោទនភាពជាតិ ឱ្យចេះស្រឡាញ់, ឱ្យចេះការពារ និងឱ្យចូលរួមទាំងអស់គ្នាលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
ក្នុងពិធីដ៏មានអត្ថន័យក្រោមម្លប់នៃសុខសន្តិភាពនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាលតំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លោក លោកស្រីគណៈគ្រប់គ្រង ព្រមទាំងព្រះតេជគុណ និងប្អូនៗសិស្សមន្ត្រីក្រមការ និងសិស្សវិក្រឹត្យការជាន់ខ្ពស់សរុបប្រមាណ ៩៧៨អង្គ/នាក់ ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់នៅក្នុងសហសាលចំនួន ២៤២អង្គ/នាក់ និងពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams ចំនួន ៧៣៦អង្គ/នាក់។
សូមជម្រាបជូនថា ប្រធានបទបាឋកថានាព្រឹកនេះ គឺពិតជាមានសារសំខាន់ណាស់ ជាពិសេសសម្រាប់ប្អូនៗសិស្សនិសិ្សតទាំងអស់ ដែលកំពុងសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការបន្តវេន ជាយុវជនខ្មែរ ប្រជាជនខ្មែរ ត្រូវស្គាល់ពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃមរតកវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដីសុវណ្ណភូមិ ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សហគមន៍ជាតិ និងអន្តរជាតិ។