សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងនេះ។

ជាមួយគ្នានេះ តាមរយៈលោកជំទាវ អគ្គលេខាធិការ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរសូមឆាប់បានជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាល ផ្តល់ភាពកក់ក្តៅជូនពលបាលឯក ម៉ន ភក្ត្រា ក៏ដូចជាអ្នករបួស និងអ្នកជំងឺដទៃទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រុមគ្រួសារពលបាលឯក ម៉ន ភក្ត្រា ដែលសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់ភាពកក់ក្តៅ ក្តីមេត្តា ករុណាចំពោះប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ដោយគ្មានការរើសអើងអ្វីឡើយ៕