ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងភរិយា រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃនិងបង្សុកូល ក្នុងឱកាសកាន់បិណ្ឌវេនទី១១ នៅវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ក្រុងព្រៃវែង។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះ គឺបានអនុវត្តជាយូរយាណាស់មកហើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត សូមឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរយុទ្ធជនស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន និងភរិយា រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បាននាំយកនូវបច្ច័យចំនួន ២០.៣៩០.០០០រៀល (ម្ភៃលាន បីរយកៅសិបពាន់រៀលគត់) ប្រគេនដល់ព្រះសង្ឃ សម្រាប់ចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី)ផងដែរ៕