រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារពិគ្រោះជំងឺក្រៅ (ប.ស.ស) នៃមន្ទីរពេទ្យកាល់ម៉ែត ដែលអាចបម្រើសេវាជូនប្រជាពលរដ្ឋចំនួន ៣៥ម៉ឺននាក់ ក្នុង១ឆ្នាំ


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធបិតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់មន្ទីរពេទ្យកាល់ម៉ែត ដែលបានសម្រេចសមិទ្ធផលថ្មីមួយបន្ថែមលើសមិទ្ធផលជាច្រើនរបស់មន្ទីរពេទ្យ ជាមួយនឹងការយកចិត្តទុកដាក់ក្នុងការអនុវត្តតាមគោលនយោបាយ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នឹងពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជា ស្របតាមអទិភាពរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ដោយ៖

១៖ បន្តអភិវឌ្ឍសមត្ថភាពជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើបៗ និងមានប្រសិទ្ធភាពខ្ពស់
២៖ បង្កើនសកម្មភាពផ្នែកពិគ្រោះជំងឺក្រៅជូនអ្នកជំងឺឱ្យបានកាន់តែច្រើន និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែសុក្រិត
៣៖ លើកកម្ពស់គុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈ ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ និងក្រុមគ្រួសារ កសាងទំនុកចិត្តជូនអ្នកជំងឺធ្វើឱ្យអ្នកជំងឺមានការពេញចិត្ត និងវាយតម្លៃល្អកាន់តែច្រើន
៤៖ បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដែលមកទទួលសេវាឱ្យអស់លទ្ធភាព និងធានាការបម្រើសេវាពេញលេញ ២៤ម៉ោង លើ២៤ម៉ោង ដោយបម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព
៥៖ ជួយផ្សព្វផ្សាយ និងផ្តល់ការអប់រំជូនអ្នកជំងឺ និងក្រុមគ្រួសារ ពីវិធីសាស្រ្តបង្ការ និងថែទាំសុខភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការចូលរួមប្រយុទ្ធនឹងជំងឺមិនឆ្លង ជំងឺរ៉ាំរ៉ៃជាដើម សំដៅធ្វើឱ្យអត្រាឈឺ និងស្លាប់កាន់តែទាប អាយុកាលរំពឹងរស់កាន់តែវែង និងគុណភាពជីវិតរស់នៅកាន់តែប្រសើរឡើង
៦៖បន្តការបណ្តុះបណ្តាលដល់អ្នកបន្តវេនប្រកបដោយសមត្ថភាព និងគុណវុឌ្ឍគ្រប់គ្រាន់ដើម្បីនិរន្តរភាព និងភាពរឹងមាំនៃកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញា ចូលរួមបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងនាមជាកងទ័ពអាវស ទទួលថែទាំ ព្យាបាល និងសង្គ្រោះអាយុជីវិតជូនកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក ក្នុងបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ។ ឯកឧត្តមសាស្ត្រាចារ្យ ជម្រុញឱ្យបន្តខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ប្រព័ន្ធគាំពារសង្គម រួមមានការប្រើប្រាស់បណ្ណ ប.ស.ស. បណ្ណមូលនិធិសមធម៌ បណ្ណក្រីក្រជាដើម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលមានស្នាដៃល្អ ដើម្បីជាការលើកទឹកចិត្តបន្ថែមទៀត ក្នុងការបំពេញការងារឱ្យកាន់តែប្រសើរឡើង។

សូមជម្រាបថា អគារពិគ្រោះជំងឺ ប.ស.ស. នៅមន្ទីរពេទ្យកាល់ម៉ែតនេះ មានកម្ពស់០២ជាន់ បណ្តោយប្រវែង៣០,៣៦ម៉ែត្រ ទទឹង ៦,២៥ម៉ែត្រ ផ្ទៃក្រឡាសរុប ៥៦៩,០៤ម៉ែត្រក្រឡា គ្រោងអគារធ្វើអំពីដែក សរុបចំនួន ២០បន្ទប់៖ ជាន់ផ្ទាល់ដី៖ កន្លែងរង់ចាំ បញ្ជរចុះឈ្មោះពិគ្រោះជំងឺ ០៨បញ្ជរ បញ្ជរផ្តល់សេវា ០១បញ្ជរ បញ្ជរចុះឈ្មោះសមាជិក ប.ស.ស. ចំនួន ០៩បញ្ជរ និងបន្ទប់ប្តូរសម្លៀកបំពាក់របស់បុគ្គលិក ចំនួន ១បន្ទប់។ ជាន់ទី១៖ បន្ទប់ពិគ្រោះជំងឺចំនួន 0៧ បន្ទប់ បន្ទប់បូមឈាមចំនួន 0២បន្ទប់ និងបន្ទប់អាហារបុគ្គលិក ០១បន្ទប់។ ជាន់ទី២៖ បន្ទប់ពិគ្រោះជំងឺចំនួន ០៩បន្ទប់ បន្ទប់អេកូ ០១បន្ទប់ ដែលបានរៀបចំស្រាប់សម្រាប់ទទួលអ្នកជំងឺក្នុងលក្ខខណ្ឌល្អប្រសើរ៕