នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សួរសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសដោយសារសកម្មភាពកងកម្លាំងចម្រុះថៃចូលមកបំពានរាយបន្លាលួសក្នុងទឹកដីស្រែចម្ការរបស់ពុកម៉ែបងប្អូននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះតេជគុណ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ។
កម្ពុជារក្សាជំហរដោះស្រាយវិវាទនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយជំរុញឱ្យរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយស្ថានការណ៍ ដើម្បីស្ដារសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្រាប់សុខមាលភាពប្រជាជនយើងទាំងអស់គ្នា។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋរងបួសដោយសារគ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីរារាំងមិនឱ្យកម្លាំងចម្រុះថៃចូលមកបំពានរាយបន្លាលួស ក្នុងទឹកដីស្រែចំការភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ៕