អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានជម្រាបជូនអគ្គកុងស៊ុល ពីសក្តានុពលរបស់ខេត្តបាត់ដំបង លេីវិស័យកសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង១លាន៣សែននាក់ មាន១៤ ក្រុង-ស្រុក ភាគច្រើនប្រជាពលរដ្ឋប្រកបរបរកសិកម្ម។ ខេត្តបាត់ដំបង គឺជាខេត្តដែលកំពុងអភិវឌ្ឍន៍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពល ខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបងមានសំណង់បុរាណជាង៨០០ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើន ដែលមានវ័យចំណាស់ជាង១០០ឆ្នាំ ត្រូវបានថែរក្សា និងអភិរក្ស។

ឯកឧត្តមបានស្នេីភាគីចិន ជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុននៅកម្ពុជា លេីការកែច្នៃផលិតផលកសិកម្មដ៏សំបូរបែប។ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ លោក សុខ លូ បានថ្លែងថា ប្រទេសកម្ពុជាចង់បានសន្តិភាព បូរណភាពទឹកដី និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ ហេីយកម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងណាមួយឡើយ គឺកម្ពុជាចង់បានសន្តិភាព ដូច្នេះសូមប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ជួយអំពាវនាវអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជាដើម្បីទទួលបានសន្តិភាព។

ជាការឆ្លេីយតប ឯកឧត្តម លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានទទួលយកនូវអ្វីដែល លោក សុខ លូ បានលេីកឡេីង និងបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម លូ ឈីជឺ គូសបញ្ជាក់ថា ការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជន នៃប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរឡើងថែមទៀត៕