រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល ចែកថវិកាលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាសពិធីបុណ្យបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ថ្លែងក្នុងសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ បានកោតសរសើរ វាយតម្លៃចំពោះការខិតខំប្រឹងប្រែង និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះឲ្យសាលាខេត្តទាំងអស់ ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់កន្លងមក និងសម្រេចបានលទ្ធផលយ៉ាងល្អ។
បន្ថែមពីនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្តទៀត ព្រមទាំងមានសាមគ្គីភាពរវាងគ្នា ដើម្បីដឹកនាំខេត្តត្បូងឃ្មុំ ទទួលបានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ស្របពេលដែលបងប្អូនជាមន្ត្រីរាជការ និងពលរដ្ឋ នៅសមរភូមិក្រោយកំពុងតែអបអរសាទរជាមួយបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ វីរកងទ័ពជួរមុខកំពុងឈរជើងការពារជាតិ មាតុភូមិកម្ពុជាយើងពីខ្មាំងសត្រូវសៀម ដែលយាយីប៉ងបំផ្លាញសន្តិភាព និងបូណ៌ភាពកម្ពុជា ដូចនេះបងប្អូនយើងសូមចូលរួមបួងសួងឲ្យវីរកងទ័ពខ្មែរយើង ទទួលបានជោគជ័យ និងឈ្នះអស់មាសត្រូវ។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ ក៏សូមជូនពរដល់បងប្អូនមន្ត្រីរាជការទាំងអស់ ទាំងទៅគេហដ្ឋាន នៅស្រុកកំណើត និងត្រឡប់មកវិញ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព៕