ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន នាំយកអង្ករជាទេយ្យទានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃចំនួន៥១វត្ត នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ


ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង នៅថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកអង្ករជាទេយ្យទានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃចំនួន ៥១វត្ត នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីព្រះមេគណខេត្ត និងឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកតា លោកយាយ ពុទ្ធបរិស័ទ្ធ តាមបណ្តាបណ្តាវត្តមួយចំនួននៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាប្រគេនដល់ព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទទាំងអស់ ដោយក្តីនឹករលឹក។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរដល់ជីវភាពរស់នៅ របស់ប្រជាជន ជាពិសេសព្រះសង្ឃ និងពុទ្ធបរិស័ទ។

ឯកឧត្តមបានបន្តថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍ សង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវ សីលធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អ។ នាពេលកន្លងមក គណៈសង្ឃនាយកទាំងពីរគណៈ ព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទ បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភគាំទ្រ គ្រឿងឧបភោគបរិភោគ ដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក ទន្ទឹមនោះព្រះសង្ឃក៏បានចូលរួមអនុវត្ត អភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានប្រគេននូវទេយ្យទានដល់វត្តចំនួន ៥១វត្ត នៅក្នុងមូលដ្ឋានខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ដោយក្នុង១វត្ត ទទួលបានអង្ករចំនួន៣០០គីឡូក្រាម ដែលជា សទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

តំណាងព្រះមន្ត្រីសង្ឃនិងពុទ្ធបរិស័ទ ទាំង៥១វត្ត មានក្តីរីករាយ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែ គិតគូរពីសុខទុក្ខព្រះសង្ឃ និងប្រជាជន។ ហើយបានបួងសួងវត្ថុសក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូល ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំង ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕