អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវីរសេនីយ៍ទោ នួន សារឿន វីរកងទ័ពដែលប្រចាំការនៅប្រាសាទព្រះវិហារ ដែលបានបាត់បង់ជីវិត ហើយសពត្រូវបានយកមកតម្កល់ទុកធ្វើបុណ្យនៅក្នុងឃុំចំបក់ ស្រុកបាទីខេត្តតាកែវ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ថ្លែងថា «ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគោរពចងចាំនៅគុណូបការដ៏ថ្លៃថ្លា ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជននួន សារឿន និងវីរយុទ្ធជនទាំងអស់ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិរបស់យើង»។
សូមបញ្ជាក់ជូនថា វីរកងទ័ព នួន សារឿន បម្រើការងារក្នុងអង្គភាពកងដឹកជញ្ជូន ដែលប្រចាំការនៅទិសប្រាសាទព្រះវិហារ បានរងគ្រោះដោយសារទាហានថៃបាញ់ផ្លោងកាលពីពេលកន្លងទៅ។
បើទោះបីជាទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពីនាយឧត្តមសេនីយ៍ មេបញ្ជាការ ពីក្រុមគ្រូពេទ្យប្រកបដោយការយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអាយុជីវិតគាត់បានដែរ៕