ទូក «ង» ថ្មីចំនួន៣គ្រឿង អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រគេនជូនវត្តបុទុមកេសរ, វត្តទូលរការ និងវត្តសុទស្សនារាមជ្រោយថ្ម


ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការទូក «ង» និងចំណុះទូក និងពិធីប្រគល់ទូក «ង» ថ្មី ចំនួន៣គ្រឿង ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងការអភិរក្ស ថែរក្សានូវកេរ្តិ៍តំណែល មរតកវប្បធម៌ ដ៏ល្អផូរផង់របស់បុព្វបុរសខ្មែរ ដែលបានបង្កើតទូក «ង» ដែលបានសាយឈ្មោះបោះសំឡេងដ៏ល្បីរន្ទឺ និងបានចូលរួមប្រឡងប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែអកអំបុក ជារៀងរាល់ឆ្នាំផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា មានបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ប្រាកដជាស្គាល់យ៉ាងច្បាស់ ទូក «ង» ដែលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន មានឈ្មោះថា «បុទុមបុផ្ផា» ដែលជាទូកដ៏ល្បីល្បាញមួយកាលពីប៉ុន្មានឆ្នាំមុន និងធ្លាប់ដណ្ដើមបានជ័យលាភីលេខ១ ទូទាំងប្រទេស។ ទន្ទឹមនេះ ក៏មានទូក ២គ្រឿងផ្សេងទៀត ដែលជាការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចឧត្តមទេពញាន ហ៊ុន ណេង គឺទូកឈ្មោះ «ដីលើទួលរកាសែនជ័យ» និង «ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម» ក៏ជាទូកមួយដ៏ល្បីល្បាញផងដែរ។

ដោយមើលឃើញពីស្ថានភាពទូកទាំង៣ គ្រឿង មានសភាពចាស់ ទើបសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រេចធ្វើទូកថ្មី ចំនួន៣គ្រឿង ដោយរក្សាឈ្មោះដើម ដែលមានឈ្មោះ ១៖ បុទុមកេសរ ត្រូវបានប្រគេនជូនវត្ត បុទុមបុផ្ផា (វត្តពាមកោះស្នា), ២៖ ដីលើទួលរកាសែនជ័យ ប្រគេនជូនវត្ត វត្តទួលរកា ស្រុកស្ទឹងត្រង់ និង៣៖ ចៅពេជ្រកុមារបុផ្ផាជ្រោយថ្ម ប្រគេនជូនវត្តសុទស្សនារាមជ្រោយថ្ម ក្រុងកំពង់ចាម។

នៅឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ខេត្តកំពង់ចាម ត្រូវបានផ្អាក ប៉ុន្តែសូមលើកទឹកចិត្តដល់តាមបណ្ដាវត្តអារាម ក៏ដូចជាតាមបណ្ដាមូលដ្ឋាន អាចបង្កើតកម្មវិធីអុំទូកនេះឡើង ប៉ុន្តែត្រូវធ្វើការសហការការជាមួយអាជ្ញាធរជាមុន៕