ឯកឧត្តម ចាន់ ស៊ីណាត​ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលចុះបេសកកម្មពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM)


នារសៀលថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំបូកសរុបការងារចុះពិនិត្យវឌ្ឍនភាពគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) របស់ក្រុមបេសកកម្មរួមនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ពីថ្ងៃទី១៥-២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូនាពេលនេះមានការចូលរួមពីតំណាងក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី តំណាងអភិបាលនៃគណៈអភិបាលខេត្តគោលដៅ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលនៃបេសកកម្មចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលទទួលបានជោគជ័យប្រកបដោយភាពរលូនទៅតាមផែនការ និងលក្ខខណ្ឌរបស់ធនាគារទាំងពីរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា តំណាងធនាគារទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងធនធានទឹក និងឧតុនិយម ជាពិសេស អង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង (PMU-MoWRAM) ទីប្រឹក្សាជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការរហូតទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយ និងកាត់បន្ថយនូវហានិភ័យទាំងឡាយដែលកើតមានឡើងជាយថាហេតុ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រឱ្យមានលក្ខណៈទំនើប និងគ្រប់ជ្រុងជ្រោយ ដែលបម្រើឱ្យផលប្រយោជន៍ប្រពលរដ្ឋ បញ្ចៀសបាននូវទឹកជំនន់ និងផ្គត់ផ្គង់ទឹកប្រើប្រាស់គ្រប់គ្រាន់នៅរដូវប្រាំង ជួយបង្កើនរដូវកាលដាំដុះរហូតដល់ ៣ដង ក្នុងមួយឆ្នាំ បង្កើនសេដ្ឋកិច្ចគ្រួសារ និងលើកស្ទួយសេដ្ឋកិច្ចជាតិ៕