ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បង្ហាញពីមហិច្ឆិតាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស់ ជាអតិបរិមាក្នុងស្ថាប័នរដ្ឋ ដោយចាប់យកបច្ចេកវិទ្យាឌីជីថលជំនួសវិញ


ក្នុងពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថល ចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានលើកអំពីកិច្ចការងារធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថល ដែលនឹងចូលរួមដ៏សកម្មក្នុងការប្រែក្លាយ របៀបរបបការងារពីបែបប្រពៃណីទៅជាការធ្វើការងារតាមបែបទំនើប កាត់បន្ថយការចំណាយ ពន្លឿនពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ដោយសារការរីកចម្រើននេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានមហិច្ឆិតាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស់ ជាអតិបរិមាក្នុងស្ថាប័នរដ្ឋ ដោយចាប់យកបច្ចេកវិទ្យាឌីជីថលជំនួសវិញ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ ទៅលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដោយរាប់បញ្ចូលទាំងការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសិស្ស-និស្សិត សំដៅកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការទាំងអស់ ជាពិសេសជំនាញឌីជីថល និងលើកទឹកចិត្តឱ្យប្រើប្រាស់ចំណេះដឹង ដែលបានទទួលពីការបណ្តុះបណ្តាលនាពេលនេះ ទៅប្រើប្រាស់ជាប្រយោជន៍ក្នុងស្ថាប័នរបស់ខ្លួន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕