ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសហការី នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ បានទទួលជួបពិភាក្សាការងារជាមួយលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ដើម្បីពិភាក្សាអំពីវឌ្ឍនភាពធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា។
តាមការបញ្ជាក់របស់លោក Yoshihisa KAINUMA ក្រុមហ៊ុន MinebeaMitsumi Co., Ltd បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១១មក និងបានពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ពីរោងចក្រទី១ ដល់រោងចក្រទី៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ ក្នុងទុនវិនិយោគសរុបប្រមាណ ៧២៥ លានដុល្លារអាម៉េរិក ហើយនាពេលនេះ រោងចក្រទី៤ ដែលស្ថិតក្នុងគម្រោងទី២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ បាននិងកំពុងបញ្ចប់ការសាងសង់អគាររោងចក្រ និងកំពុងបំពាក់គ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារផលិតកម្ម ហើយគ្រោងនឹងចាប់ផ្តើមដំណើរការផលិតកម្មនៅក្នុងខែតុលាខាងមុខនេះ។
នាឱកាសជំនួបពិភាក្សានេះ លោកប្រធានក្រុមហ៊ុន បានអះអាងបញ្ជាក់ថា ទោះស្ថិតក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកល និងបញ្ហាប្រឈមនានា ក៏ដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានៅតែបន្តដំណើរទៅមុខឥតងាករេ ហើយជាមួយគ្នានេះ បងប្អូនកម្មករនិយោជិតរបស់ក្រុមហ៊ុនប្រមាណជិត ៩ពាន់នាក់ បាននិងកំពុងអភិវឌ្ឍជំនាញរបស់ខ្លួនលើការផលិតសម្ភារៈបរិក្ខារអេឡេចត្រូនិក បរិក្ខារអគ្គិសនី និងគ្រឿងបង្គុំរថយន្ត។
ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន MinebeaMitsumi Co., Ltd ដែលបានពង្រីកប្រតិបត្តិការនៅកម្ពុជាជាបន្តបន្ទាប់ ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលជំនាញ ដល់បងប្អូនកូនក្មួយកម្មករនិយោជិតកម្ពុជា និងបានកោតសរសើរចំពោះវឌ្ឍនភាពនៃការសាងសង់រោងចក្រទី៤របស់ក្រុមហ៊ុន។
ឯកឧត្តមអះអាងសាជាថ្មី អំពីការគាំទ្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជូនពរឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានជោគជ័យ៕