សម្ដេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២៥ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន


សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអះអាងថា ឆ្នាំ២០២៥ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចំណុចដែលនាំឲ្យឆ្នាំ២០២៥ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន រួមមាន៖

*ទី១៖ ជាខួប១៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន
*ទី២៖ ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្ការបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង នៅកម្ពុជា កាលពីខែមេសាកន្លងទៅ
*ទី៣៖ ព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសចិន នាដើមខែកញ្ញានេះ
*ទី៤៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន កាលពីចុងខែសីហាកន្លងទៅ
*ទី៥៖ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ ជាអ្នកផ្ដល់ជំនួយដ៏ធំ និងជាប្រទេសនាំមុខដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា។ ជំនួយដ៏ច្រើននេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេសទាំងពីរបាន និងកំពុងខិតខំធ្វើការរួមគ្នា ដើម្បីបង្កើនទំហំ ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសការបង្កើនការនាំចេញ ទំនិញកសិផលបន្ថែមទៀតពីកម្ពុជាចូលទៅក្នុងទីផ្សារចិន៕