អំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ ចំនួន ៥០០គ្រួសារ រស់នៅស្រុកលំផាត់ ខេត្ដរតនគិរី


កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីទទួលដំណឹងថាប្រជាពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ជាច្រើនរយគ្រួសារនៅខេត្ដរតនគិរី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការីនៅស្នាក់ការកណ្តាល ចុះសួរសុខទុក្ខ និងចែកអំណោយសម្រាលការលំបាកដោយមិនបង្អង់យូរនោះឡើយ។ នេះក៏ជាការឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីផងដែរ។

ពិធីជួបសំណេះសំណាល និងចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស គឺមកពីឃុំចំនួន៥ នៃស្រុកលំផាត់ ខេត្តរតនគិរី បានប្រព្រឹត្តទៅក្រោមវត្តមានលោកវេជ្ជបណ្ឌិត សុខ ឡុង នាយក នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកខ័ណ្ឌ ចំណាន អនុប្រធានកិត្តិយសសាខា តំណាងលោកញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលបានប្រព្រឹត្ដទៅនៅសាលាបឋមសិក្សាស្រែកពកតូច និងមានការចុះចែកអំណោយសម្រាលការលំបាកនៅតាមខ្នងផ្ទះផងដែរ។

ការយកចិត្ដទុកដាក់ខ្ពស់របស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅជាខ្លាំង ព្រោះអ្នកម្ដាយមនុស្សធម៌តែងតែនៅជាមួយកូនចៅប្រុសស្រីគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ពិសេសពេលប្រជាពលរដ្ឋជួបនឹងការលំបាកទោះស្ថិតក្នុងរូបភាពណាមួយក៏ដោយ។

សូមជម្រាបជូនថា នៅថ្ងៃស្អែកទី២៨ ខែកញ្ញានេះ ក្រុមការងារពីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នឹងបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន ៤០០គ្រួសារទៀត រស់នៅក្នុងស្រុកកូនមុំ ដែលសរុបប្រជាជនរងគ្រោះដោយទឹកជំនន់មានចំនួន ៩០០គ្រួសារ នៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី៕