ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋាន និងបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៃឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន ៥៣៥នាក់


ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ឃុំឃុំវាល និងប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥។ អញ្ជើញមានវត្តមាននាឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំរលាំងចក និងសមាជិកថ្មីសរុប ៥៣៥ នាក់។
នាឱកាសនោះ ឯកឧត្តមបានលើកយកពីស្ថានភាពបញ្ហាព្រំដែនដែលកំពុងបន្តតានតឹង ជាពិសេសក្រោយមានការរំលោភបទឈប់បាញ់ពីភាគីម្ខាងទៀតកាលពីម្សិលមិញ។ ឯកឧត្តមបានចែករំលែកទស្សនៈផ្ទាល់ខ្លួនថាពាក្យ «អរគុណសន្តិភាព» ត្រូវបានមនុស្សមួយចំនួនយកលេងសើច និងចាត់ទុកជាពាក្យសាមញ្ញ ក៏ប៉ុន្តែក្នុងកាលៈទេសៈនេះ ពួកគេបានយល់ហើយថាវាមិនសាមញ្ញនោះទេ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានរំលេចបន្ថែមពី សារៈសំខាន់នៃសន្តិភាព ក្នុងការផ្សាភ្ជាប់យុវជនជំនាន់មុន ដែលជាសាក្សីរស់ និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។ តាមរយៈសុខសន្តិភាព យើងទទួលបានការវិនិយោគទុនឥតឈប់ឈរ និងផ្តល់ជាបរិយាកាសដ៏សម្បូរបែបសម្រាប់ការអភិវឌ្ឍខ្លួនដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមបានបន្តថា ក្នុងស្ថានភាពបច្ចុប្បន្ន យើងឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដោះស្រាយជម្លោះដោយសន្តិវិធី គ្រប់គ្រងស្ថានការណ៍ និងគិតគូរដល់វីរកងទ័ព បងប្អូនជនភៀសសឹកបានដិតដល់ជាទីបំផុត។ ឯកឧត្តមបានបន្ថែមថា បើទោះគណបក្សប្រជាជនមិនល្អឥតខ្ចោះ តែអាចពឹងពាក់ និងជួយគ្នាបានគ្រប់កាលៈទេសៈ ហើយគណបក្សប្រជាជននឹងខិតខំបន្តក្នុងការថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ។