តំណាងរាស្ដ្រកំពង់ចាម ផ្ដាំផ្ញើដល់សិស្សប្រឡងបាក់ឌុបទាំងអស់ សូមកុំបោះបង់ការសិក្សា ទោះធ្លាក់ឬជាប់ វាមិនកំណត់ភាពជោគជ័យ ឬបរាជ័យទេ មានការតស៊ូរៀនសូត្របន្តទើបជីវិតប្រសើរ


ឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ សូមកុំទាន់បោះបង់ការសិក្សា ទោះប្រឡងជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ ព្រោះថាលទ្ធផលពេលនេះ មិនអាចកំណត់ជោគវាសនា ថាជោគជ័យ ឬបរាជ័យនោះទេ មានតែការខិតខំប្រឹងប្រែងរៀនសូត្របន្តដោយប្រកាន់ខ្ជាប់នូវការតស៊ូ នោះជីវិតនឹងទទួលបានភាពល្អប្រសើរយ៉ាងពិតប្រាកដ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយុភូមិបាននិទ្ទេស A ចំនួន ១៣នាក់ នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានការអញ្ជើញពីលោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្ដកំពង់ចាម, វត្ដមានលោក លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លេខាគណៈកម្មការទី៣នៃរដ្ឋសភា ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ និងលោក ជីម លាវ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជើងព្រៃផងដែរ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងទៀតថា សម្រាប់បេក្ខជនប្រឡងដែលបានប្រឡងជាប់នៅឆ្នាំនេះ មិនថានិទ្ទេស A ឬនិទ្ទេសផ្សេងទៀត មិនប្រាកដថាជោគជ័យជាបន្ដទៀតដែរ បើមិនមានការខិតខំប្រឹងប្រែងរៀនសូត្របន្ដទៀត ហើយចំពោះសិស្សដែលបានប្រឡងធ្លាក់ ក៏មិនត្រូវអស់សង្ឃឹមដែរ ព្រោះអាចរៀនដើម្បីត្រៀមប្រឡងនៅឆ្នាំក្រោយៗទៀត ឬបន្ដការសិក្សាបរិញ្ញាបត្ររង រហូតដល់អនុបណ្ឌិតក៏មានដែរ ។អ្វីទាំងអស់នេះគឺអាស្រ័យទៅលើឆន្ទៈក្នុងសិក្សា និងកត្ដាគ្រួសារជាដើម។ ដូច្នេះការប្រឡងធ្លាក់បាក់ឌុប គឺមិនត្រូវអស់សង្ឃឹមនោះឡើយ គឺយើងអាចមានឱកាសបន្ដទៅទៀត តាមរយៈការខិតខំប្រឹងប្រែងរបស់យើង និងជួយជ្រោមជ្រែងរបស់មាតាបិតា ដូចនេះយើងត្រូវតែមានសេចក្ដីក្លាហាន មានភាពជឿជាក់ ថាយើងបន្ដទៅក្លាយជាធនធានមនុស្សដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិយើង។

ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិតបានផ្ដាំផ្ញើដល់សិស្សានុសិស្សដែលទើបតែប្រឡងជាប់នៅក្នុងឆ្នាំនេះថា «សូមក្មួយៗកុំទាន់បោះបង់ការសិក្សាត្រឹមបុណ្ណឹងឲ្យសោះ ដោយខិតខំប្រឹងប្រែងត្រូវសិក្សារៀនសូត្របន្ដទៀត។ លើសពីនោះគឺសូមក្មួយៗចងចាំថា ទោះជោគជ័យ ឬបរាជ័យ សំខាន់បំផុតគឺត្រូវប្រកាន់ខ្ជាប់នូវការតស៊ូ ដែលជាយានចម្លងយើងទៅរកភាពល្អប្រសើរនៃជីវិត តកូនចៅ។ ជាងនេះទៅទៀតដើម្បីក្លាយជាធនធានបានល្អ សូមកូនក្មួយត្រូវប្រឹងប្រែងក្រេបជញ្ជក់នូវចំណេះដឹង ហើយចំណេះគឺមាននៅជុំវិញខ្លួនរបស់យើង មិនសំដៅតែនៅក្នុងសាលារៀននោះទេ។ ជាពិសេសសូមកូនខ្មែរត្រូវយកចិត្ដទុកដាក់បណ្ដុះគំនិត ស្រលាញ់ជាតិមាតុភូមិ និងប្រជាជនយើង ហើយកត្ដាជំរុញឱ្យកូនក្មួយមាននូវឆន្ទៈស្នេហាជាតិ លុះត្រាយើងបានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅនូវប្រវត្ដិសាស្ត្ររបស់ប្រទេសជាតិយើង»

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានណែនាំដល់សិស្សដែលទទួលបាននិទ្ទេស A ទាំងអស់ ត្រូវតម្រង់ឧត្ដមគតិ ឱ្យកា្លយជាពលរដ្ឋល្អ ជាធនធានកម្រ ស្រលាញ់ ការពារ និងអភិវឌ្ឍជាតិ សូមកុំបែកឆ្វេង ធ្វើឱ្យប្រទេសជាតិវិនាសអន្ដរាយ ឬមានសង្គ្រាមម្ដងទៀត។

ព្រមជាមួយគ្នានេះឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់សិស្សានុសិស្សទាំងអស់ ពិសេសស្ដ្រីទាំង១៣នាក់ ដែលបាននិទ្ទេសA និងសូមកោតសរសើរមាតាបិតាសិស្សានុសិស្ស ដែលបានបង្កលក្ខណៈងាយស្រួលឱ្យបុត្រា-បុត្រី បានសិក្សារៀនសូត្រតាំងពីតូចរហូតដល់បញ្ចប់ការសិក្សាធម្យមសិក្សាទុតិយភូមិ ហើយក៏សង្ឃឹមថានឹងបន្ដជំរុញកូនៗឱ្យសិក្សារៀនសូត្របន្ដទៀត។ លោកបណ្ឌិត ក៏បានកោតសរសើរលោកនាយកសាលា គណៈនាយក និងលោកគ្រូ អ្នកគ្រូ បើមិនមានអប់រំ ការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ កូនសិស្សនៅជើងព្រៃក៏មិនទទួលផ្លែផ្កាល្អពីមួយឆ្នាំទៅមួយឆ្នាំដែរ។

នាឱកាសនោះឯកឧត្តមបណ្ឌិតក៏បានកោតសរសើរដល់អាជ្ញាធរដែនដី ដែលបានគ្រប់គ្រងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ធ្វើឱ្យអត្រាសិស្សានុសិស្សមកប្រឡងមានចំនួនច្រើន៨៩៩នាក់ ហើយជាប់និទ្ទេស A រហូតដល់១៣នាក់ ដោយសារតែការគ្រប់គ្រងរបស់ភូមិ ឃុំ មានសន្ដិសុខល្អ ក្រោមការដឹកនាំរបស់នាយ នាយរងបុស្ដិ៍ ដែលបានការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អ ព្រោះថាបើសិនមានចោរលួច ចោរប្លន់ច្រើន កើតឡើងនៅក្នុងភូមិឃុំ ប្រាកដណាស់ថាប្រជាពលរដ្ឋឬអាណាព្យាបាល ក៏មិនហ៊ានឱ្យកូនទៅរៀនសូត្រឆ្ងាយពីខ្លួននោះដែរ។ ដូច្នេះលទ្ធផលដ៏ល្អប្រសើរនៅស្រុកជើងព្រៃ គឺជាការរួមចំណែករបស់យើងទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយុភូមិបាននិទ្ទេស A ចំនួន ១៣នាក់ នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ​ដែលសុទ្ធតែជាស្ដ្រីទាំងអស់ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក៏បានជំរុញលើកទឹកចិត្ដដល់ស្ដ្រីទាំង ១៣រូបនេះ សូមបន្ដខិតខំរៀនសូត្រឱ្យបានកាន់តែច្រើន កុំបោះបង់ការសិក្សាឱ្យសោះ ចូលសម្លឹងមើលឱ្យបានឆ្ងាយ សម្រេចគោលបំណងដែលត្រចេះត្រចង់ នៅខាងមុខ និងដើម្បីក្លាយទៅជាអ្នកដឹកនាំមួយរូប ទៅថ្ងៃអនាគត ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។

ជាការឆ្លើយតប សិស្សទិទ្ទេស A ទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ដែលតែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខ ជួយសម្រាលការលំបាកទោះក្នុងកាលៈទេសៈណាក៏ដោយដល់ប្រជាជន ដែលនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្រៅពីជួយអភិវឌ្ឍភូមិស្រុកនៅជើងព្រៃខេត្ដកំពង់ចាម មានការអភិវឌ្ឍ និងរីកចម្រើនថ្មីៗជាបន្ដបន្ទាប់ ទាំងកសាងសាលារៀន និងជួយជួសជុលសាលារៀនចាស់ៗ ផ្លូវថ្នល់ វត្ដអារាម បរិស្ថាន និងសោភ័ណ្ឌភាពនៅក្នុងស្រុកជើងព្រៃប៉ុណ្ណោះទេ សូម្បីតែសិស្សានុសិស្សបញ្ចប់ការសិក្សានៅស្រុកជើងព្រៃ គឺតែងតែទទួលបានអាហារូបករណ៍ទៅសិក្សានៅមហាវិទ្យាល័យនៅរាជធានីភ្នំពេញជាងរៀងរាល់ឆ្នាំ យ៉ាងហោច ៥០កន្លែង ដោយឥតគិតថ្លៃ ថែមទាំងមានកន្លែងឱ្យស្នាក់នៅថែមទៀតផង។

សូមជម្រាបថានៅក្នុងស្រុកជើងព្រៃ មានវិទ្យាល័យចំនួន ៤ អនុវិទ្យាល័យចំនួន ៨ បឋមសិក្សាចំនួន ៣៧ និងមត្ដេយ្យធនធានចំនួន ១។ សម្រាប់ក្នុងស្រុកជើងព្រៃក្នុងឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិចំនួន ៨៩៩នាក់ ស្រី៥៤២នាក់ និងបានប្រឡងជាប់ចំនួន ៧៩៩នាក់ស្រី៤៩៤នាក់ ស្មើនឹង ៨៨.៨៨% ក្នុងនោះលទ្ធផលដែលទទួលបានរួមមាន៖ និទ្ទេស A ចំនួន ១៣នាក់ (ស្រី), និទ្ទេស B ចំនួន ៦០នាក់ ក្នុងនោះស្រី ចំនួន ៤០នាក់,
ទិន្ទេស C ចំនួន ២១៣នាក់ ស្រី១៣៨នាក់, និទ្ទេស D ចំនួន ៣២១នាក់ ស្រីចំនួន ១៩៦នាក់ និងនិទ្ទេស E ចំនួន ១៩២នាក់ ស្រី ១០៧នាក់។

ដើម្បីជាការលើកទឹកចិត្ដ ដល់សិស្សដែលខិតខំរៀនសូត្រ រហូតទទួលបាននិទ្ទេស Aដោយគិតចាប់ពីឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី តែងតែរៀបចំពិធីប្រគល់រង្វាន់លើកទឹកចិត្ដរៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៥ សិស្សដែលប្រឡងជាប់និទ្ទេស A ទាំង១៣នាក់​ គឺទទួលបានកុំព្យូរទ័រចំនួន ១គ្រឿង និងថវិកា ១លានរៀល៕