ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១,៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ។
អំណោយមនុស្សធម៌នេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងពីរ ចុះចែកដល់ប្រជាជនរងគ្រោះទាំង ១.៨៥០គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងនោះមុខព្រួញខេត្តមណ្ឌលគិរី គណៈប្រតិភូដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩៥០គ្រួសារ ដែលធ្វើឡើងនៅទីតាំងចំនួន ៣កន្លែង គឺនៅវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ដែលមានប្រជាជនរងគ្រោះចំនួន ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉, ទីតាំងទី២ នៅអនុវិទ្យាល័យសុខសាន្ត ស្ថិតក្នុងភូមិទួល ឃុំអបួនលើ ស្រុកកោះញែក សម្រាប់ប្រជាជនរងគ្រោះ ២៩០គ្រួសារ មកពី ឃុំអបួនលើ និងឃុំសុខសាន្ត និងទីតាំងទី៣ នៅអនុវិទ្យាល័យមេម៉ង់ ដែលមានប្រជាជនរងគ្រោះ ១៥៩គ្រួសារ មកពីឃុំមេម៉ង់ ស្រុកកែវសីមា។
សម្រាប់មុខព្រួញខេត្តរតនគិរី គណៈប្រតិភូដឹកនាំដោយលោកវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩០០គ្រួសារ ដែលធ្វើឡើងនៅទីតាំងចំនួន ២កន្លែងគឺនៅលើទីទួលសុវត្ថិភាពក្នុងភូមិលំផាត់ ឃុំជ័យឧត្តម សម្រាប់ប្រជាជនរងគ្រោះចំនួន ៥០០គ្រួសារ មកពីឃុំចំនួន៣ គឺឃុំកាឡែង ឃុំជ័យឧត្តម និងឃុំសេដា នៃស្រុកលំផាត់ និងទីតាំងទី២ នៅក្នុងបរិវេណសាលាបឋមសិក្សាស្រែពកតូច ស្ថិតក្នុងភូមិស្រែពកតូច ឃុំសិរីមង្គល សម្រាប់ប្រជាជនរងគ្រោះចំនួន ៤០០គ្រួសារ មកពីឃុំចំនួន៥ គឺ ឃុំសរមង្គល ឃុំស្រែអង្ក្រង ឃុំតាអង ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម នៃស្រុកកូនមុំ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនទាំងអស់ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជន និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ជាមួយគ្នានេះ តាមរយៈមន្ត្រីពីទីស្នាក់ការកណ្តាល, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិន និងអាហារមានជីវជាតិគ្រប់គ្រាន់ ជៀសវាងអាហារណាដែលមានរសជាតិប្រៃពេក ឬផ្អែមពេក ដែលបង្កជាជំងឺលើសសម្ពាធឈាម ជំងឺមហារីក ឬជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ ក្នុងរដូវវស្សានេះដែរ ក៏ត្រូវប្រុងប្រយ័ត្នពីគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ដែលសូមឱ្យអាជ្ញាធរមូលដ្ឋានតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន ១២៩៤ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួយជម្លៀសប្រជាជនបានទាន់ពេលវេលា។
ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ប្រុងប្រយ័ត្នពីជំងឺដែលបង្កឡើងដោយសត្វមូស មានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ឬជំងឺនានាដែលបង្កឡើងដោយកង្វះអនាម័យជាដើម ក៏ដូចជាប្រុងប្រយ័ត្ន ចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹក។ ទន្ទឹមនឹងនេះ ពេលប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋានវិញ សូមសម្អាតបរិស្ថានជុំវិញផ្ទះ ប្រុងប្រយ័ត្នពីសត្វអាសិរពិស និងបន្តខិតខំប្រកបរបរដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។
ក្នុហឱកាសនោះផងដែរ គ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មានតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លបានគិតគូរ មានក្តីមេត្តា ករុណា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕