សម្តេចតេជោ ហ៊ុន សែន៖ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្តូរឈ្មោះទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន», សម្តេចប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ ត្រូវឡើងជាប្រធាន


សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងឲ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្តូរឈ្មោះទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន»។

សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ត្រូវចូលកាន់តំណែងជាប្រធានសមាគម។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «មកដល់ពេលនេះ សមាគមអតីតយុទ្ធជន នឹងប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម»

សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាននៅកម្ពុជា ធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនទូទាំងប្រទេសអបអរសាទរ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបង្កើតសមាគមអតីតយុទ្ធជន នៅតាមក្រសួងស្ថាប័នស៊ីវិល ហើយរដ្ឋមន្រ្តីជាប្រធានសមាគម៕