សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើនថវិកាសម្រាប់អតីតយុទ្ធជនពី ៤ពាន់លានរៀល ក្នុង១ឆ្នាំ ទៅ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចាប់តាំងពី២០២៦ ទៅ។
ការឱ្យដឹងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយល់ព្រមបង្កើនថវិកាពី ៤ពាន់លានរៀល ក្នុង១ឆ្នាំ ទៅដល់ ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចា់តាំងពីឆ្នាំ២០២៦ ទៅ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចបង្កើនកញ្ច់ថវិការបស់រាជរដ្ឋាភិបាល មកប្រើប្រាស់ក្នុងសមាគមអតីតយុទ្ធជន គឺជាការចូលរួមចំណែកមន្ថែមទៀត កាត់បន្ថយការលំបាករបស់ថ្នាក់ដឹកនាំអតីតយុទ្ធជនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបង្កើនថវិកាសម្រាប់អតីតយុទ្ធជន។ លើសពីនេះរាជរដ្ឋាភិបាល ក៏បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងស្ថិតិអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៉ីវិល ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ នៃការគ្រប់គ្រង និងសុវត្ថិភាពនៃការបើករបបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន តាមរយៈធានាគារដៃគូ នៅទូទាំងរាជធានី-ខេត្ត។
បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ណ្ណថែទាំសុខភាព ប.ស.ស ជូនអតីតយុទ្ធជន និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ អតីតមន្ត្រីរាជការស៉ីវិល ព្រមទាំងនិវត្តន៍ជនបបាត់បង់សម្បទាវិជ្ជាជីវៈ និងបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី មរណៈ ជាអតីតយុទ្ធជន ដើម្បីពិនិត្យ និងព្យាយាមជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស ដោយមិនចាំបាច់បង់ប្រាក់។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានប្រើថវិកា៨ពាន់លានរៀល ដែលរាជរដ្ឋាភិបាលទម្លាក់សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារអតីតយុទ្ធជន ឱ្យចំទិសដៅ និងធានានិរន្តភាពរបស់សមាគមអតីតយុទ្ធជន៕