រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង ៤០លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក ពី ១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ឆ្លើយតបនឹងផែនការមេផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យា សាងសង់ ដំណើរការថែទាំ និងបណ្តុះបណ្តាល នៃគម្រោងពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក ក្រោមហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន រវាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនKUBOTA ត្រូវបានរៀបចំឡើង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម ឯក សុនចាន់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតំណាងJICA។
ឯកឧត្តម ឡុង ណារ៉ូ បានថ្លែងថា បន្ទាប់ពីការចុះហត្ថលេខានៅថ្ងៃនេះ ក្រុមហ៊ុនម៉ៅការជប៉ុន នឹងចា ប់ផ្តើមសាងសង់ចាប់ពីពេលនេះតទៅ ដោយប្រើរយៈពេល៣៦ខែ។ បើតាមគម្រោង អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៨។
ឯកឧត្តម ឡុង ណារ៉ូ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រោងចក្រផលិតទឹកស្អាតភូមិព្រែក មានសមត្ថភាពផលិតទឹកស្អាត ចំនួន១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៨ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាត១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ឯកឧត្តមបានលើកឡើងថា ការពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រភូមិព្រែកចំនួន ៤៥០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃបន្ថែមទៀតនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងមានស្ថិរភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របពេលដែលរាជធានីភ្នំពេញ មានកើនឡើងគួរឱ្យកត់សម្គាល់នូវហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងចំនួនប្រជាជន ដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទឹក។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា «រោងចក្រភូមិព្រែកដែលយើងបានសិក្សា គឺត្រូវពង្រីក៤៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ សរុបទៅថ្ងៃអនាគតរោងចក្រភូមិព្រែកនេះមានសមត្ថភាពផលិតពី១៥០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅជា១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នេះជាជំនួយឥតសំណងរបស់ជប៉ុន ដែលមានរូបភាពដូចហ្នឹងរោងចក្រតាខ្មៅដែរ ដោយក្រុមហ៊ុនម៉ៅការសាងសង់នឹងទទួលយករោងចក្រ ទៅគ្រប់គ្រង និងថែទាំរយៈពេល១០ឆ្នាំ ហើយលក់ទឹកដុំមកឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាអ្នកលក់បន្តទៅឱ្យអតិថិជន ក្នុងក្រុងភ្នំពេញ។ ក្រោយរយៈពេល១០ឆ្នាំ ជប៉ុននឹងប្រគល់មកឱ្យរដ្ឋាករទឹកជាអ្នកគ្រប់គ្រងវិញ»។
បើតាមអគ្គនាយករដ្ឋាករទឹក បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាត ជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ ខ្ពស់ជាងតម្រូវការបច្ចុប្បន្ន ដែលមានចន្លោះពី៨៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ៨៧ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ចំពោះទឹកដែលនៅសល់ពីតម្រូវការ រដ្ឋាករទឹកនឹងបន្តពង្រីកការចែកចាយ ទៅកាន់តំបន់ជាយក្រុងភ្នំពេញបន្ថែមទៀត ដូចជានៅក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល៕