នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជួបពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេស A និងលោកគ្រូ អ្នកគ្រូដែលរៀបចំឡើងនៅបណ្ណាល័យខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ សូមខិតខំរៀនសូត្រឱ្យបានពូកែ និងប្រឡងចាប់បាននិទ្ទេសល្អៗ គ្រប់ៗគ្នា និងរួមគ្នាដើម្បីកំពង់ស្ពឺនៃយើង ឯកឧត្តមបណ្ឌិតក៏សង្ឃឹមថានឹងមានរង្វាន់លើកទឹកចិត្តដល់ប្អូនៗជាបន្តផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ សម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះ ការខិតខំប្រឹងប្រែង របស់ក្មួយៗ ទាំង ៧៩នាក់ រហូតទទួលបានជ័យលាភី នាពេលនេះ។ ឯកឧត្ដម បានចាត់ទុក ការប្រឹងប្រែងរបស់ក្មួយៗ ទាំងអស់នេះ គឺជាភាពជោគជ័យ សម្រាប់ក្រុមគ្រួសារ និងឆាកជីវិត ជំហានដំបូងរបស់ខ្លួនឯង មុននឹងឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុង ៣ដំណាក់កាល ជាបន្តបន្ទាប់ទៀត តាមរយៈ ការប្រឹងប្រែងបន្តទៀត គឺ ៖
ទី១.ការបញ្ចប់ការសិក្សា នៅកម្រិតឧត្ដមសិក្សា។
ទី២.មានការងារល្អធ្វើ។
ទី៣.ការកសាងគ្រួសារ ប្រកបដោយសុភមង្គល។
ឯកឧត្ដម ក៏បានលើកឡើងដែរថា ថ្វីត្បិតតែកត្តាជាច្រើន បានជម្រុញដល់ក្មួយៗ ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែ ភាពជោគជ័យនេះ ក៏មិនអាចកាត់ថ្លៃបាន ពីកត្តាសុខសន្តិភាព របស់ប្រទេសជាតិឡើយ ពីព្រោះថា បើគ្មានសុខសន្តិភាពទេ ក្មួយៗ ក៏មិនមានឱកាសគ្រប់គ្រាន់ ទទួលបានការអប់រំ និងការសិក្សារៀនសូត្រដែរ។ ទន្ទឹមជាមួយនោះ ការប្រឹងប្រែងរៀនសូត្រ ក៏ដើម្បី ទទួលបានអ្នកបន្តវេន ប្រកបដោយថាមពល និងសក្ដានុពល ធ្វើយ៉ាងណា ជួយអភិវឌ្ឍសង្គមជាតិ ប្រកបដោយគុណធម៌ និងសច្ចៈធម៌ ។ ដូច្នេះ ទាមទារឲ្យក្មួយៗ ត្រូវតែបន្តការប្រឹងប្រែង នៅកម្រិតឧត្ដមសិក្សាឲ្យបានកាន់តែពូកែថែមទៀត ដើម្បី ក្លាយជាធនធានប្រកបដោយគុណភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត ។
ក្នុងឱកាសសំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង ៧៩នាក់ នូវ Computer ១នាក់ ចំនួន ១គ្រឿង និងលិខិតថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងថវិកាមួយចំនួនផងដែរ៕






