ឯកឧត្តម ចាន់ ស៊ីណាត បន្តដឹកនាំក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យគម្រោងការគ្រប់គ្រងធនធានទឹកនៅប្រព័ន្ធធារាសាស្ត្រចារឹក


នៅថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារ ទីប្រឹក្សាជាតិ អន្តរជាតិ ដោយមានវត្តមានចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ពពោធិ៍សាត់ លោកអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី( ADB )ដឹកនាំដោយលោក James Radstock ចុះត្រួតពិនិត្យគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM 2 ) នៅប្រព័ន្ធធារាសាស្ត្រចារឹក និងការធ្វើទំនើបកម្មជាប្រព័ន្ធស្រោចស្រពគ្រប់ជ្រុងជ្រោយ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ចារឹក ស្រុកកណ្ដៀង ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមសហការផ្តល់ទិន្នន័យដែលជាតម្រូវការដល់អ្នកជំនាញនៃបេសកកម្មនេះឱ្យបានពេញលេញ ដើម្បីឱ្យប្រតិភូដៃគូបានឃើញនូវស្ថានភាពជាក់ស្តែងនិងតម្រូវការចាំបាច់របស់បងប្អូន ហើយដើម្បីឱ្យការរៀបចំផែនការត្រូវនឹងតម្រូវការបងប្អូនប្រជាពលរដ្ឋក្នុងន័យពង្រឹកសក្កានុពលកសិកម្មបែបទំនើប និងទទួលបាននូវផលចំណេញច្រើនដែលជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ៕