ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ


នាព្រឹកថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ ស្ថិតនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។
ពិធីនេះមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ លោកស្នងការរងនគបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោក​ លោកស្រី​ នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមជាច្រេីនរូបទៀត។
មានប្រសាសន៍​ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបាន​ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលកន្លងមក បានចូលរួម ចំណែកយ៉ាងសកម្ម ក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបប្រទះនូវគ្រោះមហន្តរាយ ធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗ និងក្នុងការងារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបានល្អ ប្រសើរ ជាពិសេសក្នុងការចូលរួមនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការបង្ការទប់ស្កាត់យ៉ាងជោគជ័យ នូវរាល់សកម្មភាព ប៉ុនប៉ងទាំងឡាយដែលមានចេតនាបំផ្លាញនូវសុខសន្តិភាពក្រោមរូបភាពខុសច្បាប់ផ្សេងៗ​ ហើយនៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើង ទទួលរងនូវការឈ្លានពានយ៉ាង អយុត្តិធម៌ពីប្រទេសថៃ នាពេលកន្លងមកនេះ និងសូមសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ដែលបានរៀបចំនូវវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់ ក៏ដូចជាវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព លំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ នៅថ្ងៃនេះជាដើម ។
ឯកឧត្តមអភិបាលខេត្តបានធ្វេីការផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ នូវកិច្ចការសំខាន់ៗមួយចំនួនទៀត ដូចខាងក្រោម ៖
១.ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ត្រូវតែការពារឲ្យបានដាច់ខាត នូវសន្តិភាព និងលើកកម្ពស់មនសិការស្នេហាជាតិ បន្តជឿជាក់លើការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលក្នុងកិច្ចការដោះស្រាយបញ្ហាជាតិ និងចំពោះមុខបរទេសឈ្លានពាន គោរពឲ្យ បានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី ។
២.ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំនិងល្អប្រសើរ ជាពិសេសជួរនាយ ទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ។
៣.ក្រៅពីវគ្គហ្វឹកហ្វឺននេះ ពលទាហានយើងទាំងអស់ ក៏ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ តាមឲ្យទាន់និន្នាការ នៃការ រីកចម្រើនរបស់វិស័យយោធានៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល ព្រមទាំងត្រូវលើកកម្ពស់ស្មារតី ទទួលខុសត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបាន ល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ ។
៤.ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្តែង ក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឲ្យបាន មាំមួន ព្រមទាំងត្រូវខិតខំកសាងជំរុំជម្រកស្នាក់នៅឲ្យបានសមរម្យ និងធានាសុវត្ថិភាពបានល្អ។​ ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹង និងពុទ្ធិថ្មីៗ ជាប្រយោជន៍សម្រាប់ការបំពេញតួនាទីប្រចាំថ្ងៃ បម្រើជាតិ មាតុភូមិ និងប្រជាជន។