ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានដឹកនាំគណៈប្រតិភូ ICAPP / ACC ចូលរួម «សន្និសីទពិភពលោកយូណេស្កូស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកប ដោយចីរភាព – MONDIACULT 2025» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៉ាសេឡូណា ព្រះរាជាណាចក្រអេស្ប៉ាញ។
ថ្លែងក្នុងកិច្ចពិភាក្សាស្តីអំពី «វប្បធម៌ និងសន្តិភាព» ក្នុងនាមជាស្ថាប័នដៃគូនៃអង្គការយូណេស្កូ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថាវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ ជាស្ពានតភ្ជាប់សហគមន៍ និងជាមូលដ្ឋាន គ្រឹះសម្រាប់សន្តិភាព ប្រកប ដោយចីរភាព។ វប្បធម៌មិនគួរត្រូវបានប្រើប្រាស់ជាអាវុធទេ តែវប្បធម៌ជាមធ្យោបាយដើម្បីដោះ ស្រាយ បញ្ហាឫសគល់នៃជម្លោះ ការបង្រួបបង្រួម និងការផ្សះផ្សា។ បេតិកភណ្ឌ វប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែន គ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក ព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រ មនុស្សជាតិ។