នាព្រឹកថ្ងៃពុធ៩កេីត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជេីញជាអធិបតីក្នុងក្នុងកិច្ចប្រជុំស្តីពី “ការពិគ្រោះយោបល់លើផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀងស្ថិតនៅសាលប្រជុំសាលាខេត្ត ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោក លោកស្រីគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាលក្រុង ស្រុក លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងស្រុក លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់ណាស់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍខេត្តស្វាយរៀង ក្លាយជាខេត្តមានសក្តានុពលលើវិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យទេសចរណ៍ និងជាច្រកនាំចេញ និងនាំចូលផលិតផលកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងប្រែក្លាយខេត្ត ស្ថិតនៅតំបន់ភូមិភាគអាគ្នេយ៍នេះ ឲ្យក្លាយ ទៅជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ និងត្រៀមលក្ខណៈសម្បត្តិចាប់យកកាលានុវត្តភាព ពីផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ច និងភាពរឹងមាំ នៃសក្តានុពល។ជាមួយនឹងមានភាពស៊ីចង្វាក់គ្នាទៅនឹងផែនការសកម្មភាព សមិទ្ធផល និងលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជាអាជ្ញាធរ និងគ្រប់អង្គភាពពាក់ព័ន្ធនៅក្នុងមូលដ្ឋានខេត្ត នាពេលកន្លងមក ដើម្បីឈានទៅសម្រេចបាននូវគោលបំណង និងមានភាពសមស្របឆ្លើយតប ទៅនឹងទិសដៅជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍខេត្តស្វាយរៀងទៅថ្ងៃខាងមុខ។
ឯកឧត្តមបន្ថែមថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣កន្លែង ក្នុងនោះកំពុងដំណើរការចំនួន ១២កន្លែង មានរោងចក្រ សហគ្រាស សរុបទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ១.០៦៣ កន្លែង ដោយបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋចំនួន ១៤២.២៣៤នាក់។ ហេីយការរៀបចំផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀង សេដ្ឋកិច្ចខេត្តស្វាយរៀង នាពេលនេះ គឺពិតជាសមស្រប ដែលមិនត្រឹមតែឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាក់ស្តែងនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ ឲ្យនូវទិសដៅជាយុទ្ធសាស្ត្រ និងជាផែនទីចង្អុលផ្លូវ ដែលមានសង្គតិភាពជាមួយនឹងបណ្តា ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ដទៃទៀត ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ឈាន ទៅសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព និងចីរភាព ស្របតាម ចក្ខុវិស័យរបស់ខេត្តផងដែរ៕