សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរ លោក លី ជេម្យ៉ុង ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដ៏មាននក្ខត្តឬក្សនៃទិវាបុណ្យជាតិ និងខួប៧៧ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋកូរ៉េ។
សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ក្នុងនាមប្រជាជន ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរអស់ពីដួងចិត្តចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាន នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃទិវាបុណ្យបង្កើតជាតិ នៃសាធារណរដ្ឋកូរ៉េ។
ប្រទេសកម្ពុជា បានសង្កេតឃើញ និងមានការកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ សាធារណរដ្ឋកូរ៉េក្នុងវិស័យឧស្សាហូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដែលបានធ្វើឱ្យប្រទេសកូរ៉ក្លាយ ជាអ្នកដឹកនាំពិភពលោកពិតប្រាកដនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឌីជីថល និងនវានុវត្តន៍។ ខ្ញុំ មានទំនុកចិត្តថា ការដឹកនាំរបស់ ឯកឧត្តម នឹងជំរុញឱ្យមានសន្ទុះជាថ្មី ធានាបាននូវអនាគតដ៏ភ្លឺស្វាង និងវិបុលភាពសម្រាប់ប្រជាជនកូរ៉េ និងរួមចំណែកជាវិជ្ជមាននៅក្នុងតំបន់របស់យើង និងពិភពលោក។
សម្រាប់ប្រទេសកម្ពុជា មិត្តភាពរបស់យើងជាមួយសាធារណរដ្ឋកូរ៉េ គឺជាប្រភពនៃមោទនភាព ដ៏ធំធេង។ ចាប់តាំងពីការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរបស់យើងក្នុងឆ្នាំ១៩៩៧ ប្រទេសទាំងពីរ បានពូនជ្រំភាពជាដៃគូ ដែលផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពគ្នា និងសេចក្តីប្រាថ្នារួម។ ការតម្លើងកម្រិតទំនាក់ទំនងរបស់យើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នៅក្នុងខែឧសភាឆ្នាំមុន គឺជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាការប្តេជ្ញាចិត្តបន្តជំរុញភាពជាដៃគូនេះ ដើម្បីបម្រើឧត្តមប្រយោជន៍ សម្រាប់ប្រជាជននិងប្រជាជាតិយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោក។
សូមឯកឧត្តម ទទួលនូវសេចក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរ ឯកឧត្តម ទទួលបាន សុខភាព និងសុខុមាលភាពល្អបរិបូរណ៍ និងសាធារណរដ្ឋកូរ៉េបន្តទទួលបាននូវវឌ្ឍនភាព និងវិបុលភាព»៕