យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី បានអញ្ជើញនាំយកព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ២០ពាន់ដុល្លារសហរដ្ឋអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកាកបាទក្រហមកម្ពុជា។
ព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លានេះ សម្តេចមហាមន្ត្រី គុយ សុផល បានយកមកប្រគល់ជូនលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ចូលរួមជួយជនរងគ្រោះបណ្តាលមកពីទឹកជំនន់ នៅតាមរាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា៕