សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ លោក អ៊ូ វ៉ន់ស៊ីក ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដ៏មាននក្ខត្តឬក្សនៃទិវាបុណ្យបង្កើតជាតិកូរ៉េ


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរ លោក អ៊ូ វ៉ន់ស៊ីក ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដ៏មាននក្ខត្តឬក្សនៃទិវាបុណ្យជាតិ និងខួប៧៧ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋកូរ៉េ។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តមរដ្ឋសភា និងប្រជាជនជាទីរាប់អាន នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃទិវាបុណ្យ បង្កើតជាតិ នៃសាធារណរដ្ឋកូរ៉េ។

ខ្ញុំ បានកត់សម្គាល់ដោយក្តីរីករាយចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េលើគ្រប់ វិស័យ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ស្ថិរភាព និងសន្តិភាពក្នុង តំបន់ និងសកលលោក ជាពិសេសតាមរយៈតួនាទីរបស់ខ្លួនជាអ្នកដឹកនាំសកលលោកក្នុងផ្នែកវិទ្យាសាស្ត្រ ឌីជីថល បច្ចេកវិទ្យា និងនវានុវត្តន៍។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េនឹងបន្តរីកចម្រើន និង ជួយជំរុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងពិភពលោក។

ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ របស់យើងក្នុងវិស័យជាច្រើន កំពុងបន្តរីកចម្រើនជាលំដាប់រហូតឈានដល់ការតម្លើងកម្រិតទំនាក់ទំនង របស់យើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីចក្ខុវិស័យរួម របស់យើងសម្រាប់សន្តិភាព និងវិបុលភាព។ ខ្ញុំមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់ ឯកឧត្តម កិច្ច សហប្រតិបត្តិការសភារបស់យើង នឹងបន្តកាន់តែស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននិងប្រជាជាតិយើង និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

សូមឯកឧត្តម ទទួលនូវសេចក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរ ឯកឧត្តម ទទួលបាន សុខភាព និងសុខុមាលភាពល្អបរិបូរណ៍ និងសាធារណរដ្ឋកូរ៉េបន្តទទួលបាននូវវឌ្ឍនភាព និងវិបុលភាព»៕