អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះពិនិត្យមើលស្ថានភាពទឹកជំនាន់នៅក្នុងស្រុកបុរីជលសារ ជាប់ព្រំដែនប្រទេសវៀតណាម ក្រោយឥទ្ធិពលនៃភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យស្ថានភាពទឹកក្នុងខេត្តតាកែវ កើនឡើងដល់កម្រិតប្រុងប្រយ័ត្ន។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់អាជ្ញាធរស្រុក-ឃុំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ និងតាមដានស្ថានភាពទឹកជាប្រចាំ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំមន្ត្រីទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិទាំងសម្ភារៈ មធ្យោបាយ និងកម្លាំងសរុប ជានិច្ច ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើងដោយយថាហេតុ ដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ទៅកាន់ទីទួលមានសុវត្ថិភាព។
ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ងាយរងគ្រោះ ឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានជាអតិបរមា ក្នុងអំឡុងរដូវវស្សានេះ ជាពិសេសត្រូវ មើលថែទាំក្មេងតូចៗ កុំឲ្យលេងទឹកផ្ដេសផ្ដាស ដើម្បីចៀសវាងគ្រោះថ្នាក់ដែលមិនអាចស្មានដល់។ ក្រៅពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រក្សា អនាម័យជានិច្ច ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗក្នុងរដូវទឹកឡើងនេះ៕