អគ្គនាយកអន្ដោប្រវេសន៍ និងអភិបាលខេត្តព្រះសីហនុ ដឹកនាំប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការស្នាក់នៅ និងការប្រើប្រាស់ជនបរទេស


នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីពិធី កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការស្នាក់នៅ និងការប្រើប្រាស់ជនបរទេសនៅក្នុងក្រុមហ៊ុន និងកាស៊ីណូក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះមានវត្តមានចូលរួមពីគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ក្រុមប្រតិបត្តិការទី៣), ប្រធានមន្ទីរពាក់ព័ន្ធ, មេបញ្ជាការកងរាជអាវុធហត្ថ, តំណាងស្នងការដ្ឋាននគរបាលខេត្ត, លោកលោកស្រីជាមន្រ្តីរាជការនៃរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុន កាស៊ីណូ រោងចក្រ សហគ្រាស សរុបចំនួន៥៤០នាក់។

គោលបំណង នៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយជាលើកទី២ ក្នុងឆ្នាំ២០២៥ ដល់ម្ចាស់ក្រុមហ៊ុន កាស៊ីណូ រោងចក្រ សហគ្រាស ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពច្បាប់ អនុវត្តតាមសេចក្តីណែនាំ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការរាយការណ៍អំពីវត្តមានជនបរទេសដែលស្នាក់នៅ និងធ្វើការក្នុងទីតាំងរបស់ខ្លួន តាមរយៈការបំពេញព័ត៌មានជនបរទេសតាមគំរូរបាយការណ៍ស្វ័យប្រកាសរបស់មន្ទីរការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ ដោយធានាបាននូវចំនួនពិតប្រាកដ និងត្រឹមត្រូវ យ៉ាងយូរត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ និងការរាយការណ៍អំពីវត្តមានស្នាក់នៅរបស់ជនបរទេសដល់សមត្ថកិច្ចនគរបាលមូលដ្ឋានតាមរយៈប្រព័ន្ធ FPCS ស្របតាមច្បាប់ ស្តីពីអន្តោប្រវេសន៍។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានស្នើ និងលើកទឹកចិត្តម្ចាស់ក្រុមហ៊ុន កាស៊ីណូ រោងចក្រ សហគ្រាសទាំងអស់ ឲ្យគោរពច្បាប់ និងអនុវត្តតាមសេចក្តីណែនាំ និងលិខិតដ្ឋានពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពក្នុងខេត្ត ដោយមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បទល្មើសជួញដូរ ឬបង្ខាំងមនុស្សឲ្យធ្វើការខុសច្បាប់ ជាដើម៕