ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឱ្យវារីវប្បករទាំងអស់ធ្វើរឿងពីរ ដើម្បីអាចប្រកួតប្រជែងនឹងផលិតផលបរទេស ​ន​ិងផលិតផលនាំចូលបាន


ក្នុងឱកាសដឹកនាំកិច្ចប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ បានស្នើឱ្យបងប្អូនវារីវប្បករទាំងអស់ រួមគ្នាធ្វើកិច្ចការងារចាំបាច់ចំនួន២ ដែលការងារពីរនេះ ជាគន្លឹះសំខាន់បំផុត ដែលធ្វើឱ្យផលិតផលវារីវប្បកម្មរបស់កម្ពុជា អាចប្រកួតប្រជែងនឹងផលិតផលបរទេស ឬផលិតផលនាំចូលបាន។

ការងារពីរនោះរួមមាន៖ ទី១. ត្រូវរួមគ្នាពង្រឹងការផលិតឱ្យមានគុណភាព និងស្តង់ដារត្រឹមត្រូវ និង ២.ត្រូវរួមគ្នារិះរកមធ្យោបាយកាត់បន្ថយថ្លៃដើមផលិតឱ្យនៅទាបវិញ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីរួបរួម និងប្រមូលផ្ដុំបងប្អូនកសិករផ្នែកវារីវប្បកម្ម ចូលរួមផ្ដល់យោបល់លើទិសដៅនៃការអភិវឌ្ឍន៍វិស័យកសិកម្មផ្នែកវារីវប្បកម្ម ដែលស្របតាមគោលដៅ និងបេសកកម្មរបស់សមាគម។

ក្នុងកិច្ចប្រជុំនេះ បងប្អូនវារីវប្បករ បានបង្ហាញកង្វល់លើការប្រកួតប្រជែងជាមួយផលិតផលនាំចូលវិញ ដោយលោកបណ្ឌិតបានគូសបញ្ជាក់ថា ក្នុងសេដ្ឋកិច្ចទីផ្សារសេរី យើងមិនអាចបិទការនាំចូលទំនិញបរទេសដោយគ្មានមូលហេតុនោះទេ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏នឹងបន្តពង្រឹងលើការត្រួតពិនិត្យគុណភាពផលិតផលនាំចូល ឱ្យស្របតាមស្រង់ដារត្រឹមត្រូវ ធានាបាននូវការប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌ ជាមួយផលិតផលក្នុងស្រុកផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានតែងតាំងអនុប្រធានសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម និងប្រធានផ្នែកវារីវប្បកម្មតាមបណ្ដាខេត្ត ដើម្បីសម្រេចឱ្យបានតាមផែនការដែលបានរៀបចំក្នុងការពង្រឹងផ្នែកវារីវប្បកម្ម។

ឯកឧត្តមបណ្ឌិតលើកឡើងអំពីការចងក្រងគ្នាទៅតាមតំបន់-ខេត្ត គឺដើម្បីជួយគ្នាទៅវិញទៅមកជាកត្តាលិករ នៃដំណោះស្រាយក្នុងបញ្ហា គដែលកំពុងប្រឈមបច្ចុប្បន្ន ធ្វើយ៉ាងណាប្រើប្រាស់ធនធានមនុស្សខាងវារីវប្បកម្មរបស់យើងឱ្យអស់លទ្ធភាព៕