សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី គាត កុលណី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៨៖៣៦នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសារលិខិតរំលែកមរណទុក្ខ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥។
ក្នុងសារលិខិតរំលែកមរណទុក្ខ បានសរសេរថា «ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំក្រៃលែង នៅពេលដែលបានទទួលដំណឹងថា ឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពនៅថ្ងៃសុក្រ ១១កើត ខែ អស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣៦នាទី ក្នុង ជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម ឆាន់ សាផាន គឺជាការបាត់បង់នូវស្វាមី លោកឪពុក ឪពុកក្មេក ជីតា ជាទី គោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ប្រពៃថ្លៃថ្លា ហើយក៏ជាការបាត់បង់នូវឥស្សរជនឆ្នើម មួយរូប ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់កម្ពុជា។
ឯកឧត្តម បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ប្រកបដោយមនសិការវិជ្ជាជីវៈ ក្នុងការដោះស្រាយទំនាស់ដីធ្លី ចូលរួមចំណែកក្នុងការ លើកកម្ពស់សុវត្ថិភាពលើការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញ នូវកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយ និរន្តរ៍ភាព និងសុខដុមនីយកម្ម ដើម្បីបម្រើឲ្យឧត្តមប្រយោជន៍ជាតិ និងប្រជាជន ដោយមិនខ្លាចនឿយហត់ រហូតដល់ថ្ងៃអវសាននៃជីវិត រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុភមង្គល និងវិបុលភាព។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ និង ក្រុម គ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារជាទីគោរពស្រឡាញ់។ ខ្ញុំសូមឧទ្ទិសកុសល និងបួងសួងសូមឱ្យដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ឆាន់ សាផាន ទទួលបានភាពត្រជាក់ត្រជំក្រោមម្លប់នៃតេជះបារមី ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ និងឆាប់ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕