អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដើម្បីស្រូបទាញភ្ញៀវទេសចរ និងវិនិយោគិន


ដើម្បីស្រូបទាញភ្ញៀវទេសចរ វិនិយោគិនចូលមកខេត្តព្រះសីហនុឲ្យបានច្រើន ហើយដើរស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល ដែលខិតខំរៀបចំខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវតែអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លើកឡើងដូច្នេះនៅកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍គោល
នយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ប្រចាំនព្វមាស ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព» នៅខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ប្រសិនការអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ទាំង៧ចំណុចបានល្អ នោះនឹងជួយចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងសង្គមបានច្រើនណាស់។

នយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព» ទាំង៧ចំណុចនេះ ត្រូវបានអភិបាលខេត្ត បញ្ជាក់ដូច្នេះថា៖

*ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត *ទី២៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
*ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
*ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
*ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
*ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕