ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម និងឯកឧត្តម ហោ ប៉េង តំណាងរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយាកងទ័ពជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចតែងតែបានណែនាំឱ្យសាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជាយកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា ក្នុងនោះត្រូវគិតគូរផ្តោតទៅលើគ្រួសារវីរកងទ័ពជួរមុខ ពលរដ្ឋភៀសសឹក និងផ្តល់ឱកាសការងារដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ ជាសំខាន់។
លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ ដែលកំពុងបំពេញបេសកកម្មការពារ បូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន។ អ្នកស្រីមានកូនស្រីប្រុស២នាក់ក្នុងបន្ទុក និងមានផ្ទៃពោះ៤ខែថែមទៀត ។
លោក ទូច ឆៃ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ដោយមើលឃើញពីស្ថានភាពលំបាករបស់គ្រួសារខាងលើ ដែលកំពុងកង្វះមធ្យោបាយធ្វើដំណើរ ជម្រកស្នាក់នៅ មានតែកូនផ្ទះតូចមួយ បិទបាំងដោយសង្កសីចាស់ទ្រុឌទ្រោម រួមទាំងជីវភាព ក៏មានការខ្វះខាតផងនោះ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏បានពិនិត្យ និងសម្រេចសាងសង់ ផ្ទះថ្មផ្ទាល់ដី ប្រក់សង្កសី ១ខ្នង ទំហំ៥ម×៨ម និងបង្គន់អនាម័យ ១បន្ទប់ ជូនប្រពន្ធ និងកូន របស់វីរយុទ្ធជនជួរមុខ លោកផុន សុធា ដើម្បីបានប្រើប្រាស់ និស្នាក់នៅតទៅ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់ថវិកាបដិភាគសម្រាប់ចាក់ដីលើកកំពស់ផ្ទះ និងឥដ្ឋការ៉ូក្រាលបាតផ្ទះ ព្រមទាំងបានប្រគល់ជូនម៉ូតូថ្មី១គ្រឿងទៀត សម្រាប់ជាមធ្យោបាយធ្វើដំណើរផងដែរ។
ចំពោះអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់សម្រាប់សង្កត់ផ្ទះថ្មី ជូនអ្នកស្រី អេន ស៊ីណា រួមមាន អង្ករ ៥០គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ក្នុងមួយមុខ ២សម្រាប់ និងថវិកាមួយចំនួន។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សីក្នុងពិធីប្រគល់ ទទួលផ្ទះថ្មី ចំនួន ១២នាក់ ដោយម្នាក់ៗ ទទួលបាន អង្ករ ២៥គក្រ គ្រឿងឧបភោគ បរិភោគ និង ថវិកាមួយចំនួន ផងដែរ៕