ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី៣ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំត្រូវបានរៀបចំដាច់ដោយឡែកពីគ្នានៅក្នុងនៅទីស្នាក់គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធាន លោក លោស្រី ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សឃុំទាំង១៨ នៃស្រុកទាំងពីរ សរុបចំនួន ៧៥២នាក់។
ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ លោកប្រធានគណបក្សប្រជាជនកម្ពុជានៃស្រុកទាំងពីរ បានធ្វើរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត ដោយបង្ហាញអំពីសកម្មភាពនៃការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ និងគោលនយោបាយរបស់គណបក្ស ការបង្ហាញអំពីចំណុចខ្លាំង បញ្ហាប្រឈម និងការដាក់ទិសដៅការងារសម្រាប់អនុវត្តបន្ដ។
បន្ទាប់ពីស្ដាប់របាយការណ៍ការងាររួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកទាំងកម្លាំង និងធនធាននិងខិតខំបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ និងសកម្ម ដើម្បីអភិវឌ្ឍនៅមូលដ្ឋានឃុំ ស្រុក ឱ្យបានរីកចម្រើន។ លោកប្រធាន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានៅតែរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតលើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មាននៅកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន បានអំពាវនាវដល់សមាជិកគណបក្សទាំងអស់ បន្តគាំទ្រគណបក្ស និងលើកកម្ពស់គុណតម្លៃសន្តិភាព ដែលបានមកដោយការយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត ព្រមទាំងត្រូវថែរក្សា «សន្តិភាព» ឱ្យបានគង់វង្សជាដាច់ខាត ទោះបីបង់ក្នុងតម្លៃណាក៏ដោយ។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្សនិងបទបញ្ជាផ្ទៃក្នុង ពិសេសគោរពតាមគោលការណ៍មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងរបស់រាជរដ្ឋាភិបាលឱ្យទូលំទូលាយ និងគ្រប់ពេលវេលា ដើម្បីរក្សានូវប្រជាប្រិយភាពរបស់គណបក្ស និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគណបក្ស ។
បន្ទាប់ពីកិច្ចប្រជុំនៅទីស្ដីការគណបក្សស្រុកទឹកផុស ឯកឧត្តមប្រធាន បានអញ្ជើញពិនិត្យទីតាំងសាងសង់ពង្រីកសាលប្រជុំអគារទីស្នាក់ការគណបក្សស្រុកទឹកផុស ដើម្បីបម្រើជូនដល់ការបំពេញការងាររបស់សមាជិក សមាជិកាគណបក្សស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់៕